លោក ប្រាក់ ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានឡើងតួនាទីជា «អភិបាលរង» ខេត្តបន្ទាយមានជ័យ ជាផ្លូវការ កាលពីថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។
លោក ប្រាក់ ប៉ូលី អតីតប្រធានការិយាល័យសុរិយោដី ក្រុងប៉ោយប៉ែត បានឡើងតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ កាលឆ្នាំ២០១៥។ ក្រោយកាន់តំណែងបាន ៤ឆ្នាំ លោកក៏ត្រូវបានថ្នាក់ដឹកនាំ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដកតួនាទីពីប្រធានមន្ទីរសុរិយោដី មកបម្រើការនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិញ នៅឆ្នាំ២០១៩។ យ៉ាងណាក្តី នៅឆ្នាំ២០២២នេះ លោក ប្រាក់ ប៉ូលី បានផ្ទេរទៅបម្រើការងារនៅក្រសួងមហាផ្ទៃ និងបានឡើងទៅជាអភិបាលរង ខេត្តបន្ទាយមានជ័យ។
កាលព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ អភិបាលរង និងនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ សរុបចំនួន៦រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាព លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្រ្តីរាជការ ដែលបានចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំណត់តែងតាំងមន្រ្តីរាជការ ចំនួន ០៦ រូប ដូចខាងក្រោម៖
ទី១៖ លោក ឈឿង ក្រៃយ៉ុង ពីនាយករដ្ឋបាលសាលាខេត្ត ឡើងជាអភិបាលរងខេត្ត
ទី២៖ លោក ប្រាក់ ប៉ូលី ពីមន្ត្រី ក្រសួងមហាផ្ទៃ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មកជាអភិបាលរងខេត្ត
ទី៣៖ លោក ហ៉ឹល រ៉ាយ៉ា ពីអភិបាលក្រុងសិរីសោភ័ណ ឡើងជាអភិបាលរងខេត្ត
ទី៤៖ លោក យឹម សំណាង ពីអភិបាលស្រុកអូរជ្រៅ ឡើងជាអភិបាលរងខេត្ត
ទី៥៖ លោក ឃ្លោក ណួយ ពីអភិបាលរង ខេត្តប៉ៃលិន មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក អោម ចន្ថា អភិបាលរងខេត្ត ដែលឡើងទៅជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ទី៦៖ លោក ណង វុទ្ធី នាយករងរដ្ឋបាល ឡើងជានាយករដ្ឋបាលសាលាខេត្ត៕