គ្រោះទឹកជំនន់នៅប៉ាគីស្ថាន បង្កការខូចខាតច្រើនជាង ១០ ពាន់លានដុល្លារ

អន្តរជាតិ

កាលពី​ពេលកន្លង​ទៅ ប្រទេស​ប៉ាគីស្ថាន​បាន​ជួប​ប្រទះ​គ្រោះ​ទឹកជំនន់​ដែល​បង្ក​ជា​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រទេស​មួយ​នេះ ពោល​មាន​មនុស្ស​យ៉ាងហោច​ណាស់ ១ ១៣៦ នាក់​បាន​បាត់បង់ជីវិត ខណៈ​ប្រជាជន​ច្រើនជាង ៣៣ លាន​នាក់​រង​ផល​ប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​គ្នា​នោះ រដ្ឋមន្ត្រីផែនការ​ប្រចាំ​ប្រទេស​ខាងលើ​បាន​អះអាង​ថា គ្រោះ​ទឹកជំនន់​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ប៉ាគីស្ថាន​ខាតបង់​ប្រាក់​តិច​បំផុត​ក៏ ១០ ពាន់​លាន​ដុល្លារ​ផង​ដែរ ខណៈ​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាន​ជួយ​ជំនួយ ១,១ ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​ BBC។

ដោយឡែក​បើ​តាម​សម្ដី​របស់​លោក Ahsan Iqbal មន្ត្រី​ផែនការ​បាន​ប្រាប់ Reuters បាន​ឲ្យ​ដឹង​ថា៖ “​ខ្ញុំ​គិត​ថា វា​នឹង​ត្រូវ​ចំណាយ​ច្រើន ព្រោះ​គិត​ត្រួសៗ​វា​អាច​មាន​ចំនួន​ច្រើនជាង ១០ ពាន់​លាន​ដុល្លារ​បាត់ហើយ”។

បន្ថែម​ពី​នោះ​ មន្ត្រី​ខាងលើ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​​ថា ប៉ាគីស្ថាន​ទំនង​នឹង​អាច​ជួប​វិបត្តិ​កង្វះ​ចំណីអាហារ​ថែមទៀត​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ខណៈ​គ្រោះ​ទឹកជំនន់​សារនេះ​គឺ​វា​អាក្រក់​ជាង​កាល​ឆ្នាំ ២០១០ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​ច្រើនជាង ២ ពាន់​នាក់​បាត់បង់​ជីវិត​ថែមទៀត៕