ប្រធានសមាគមស្បៀងអាហាររបស់ប្រទេសវៀតណាម បាននិយាយថា ការនាំចេញអង្កររបស់ខ្លួន ត្រូវបានរំពឹងថា នឹងអាចកើនឡើងដល់ ៦,៣-៦,៥ លានតោន នៅឆ្នាំនេះ ពោលគឺកើនឡើងពីចំនួន ៦,២៤ លានតោន កាលពីឆ្នាំមុន ដោយសារតែមានតម្រូវការខ្លាំង ។
“ រហូតមកដល់ឆ្នាំនេះ ការនាំចេញ បានកើនឡើងយ៉ាងខ្លាំង ហើយយើងរំពឹងថា នឹងអាចមើលឃើញសន្ទុះ នៅតែបន្តកើនឡើង សម្រាប់រយ:ពេលដែលនៅសេសសល់ ក្នុងឆ្នាំនេះ ” ។ នេះបើយោងតាម លោក Nguyen Ngoc Nam ប្រធានសមាគមស្បៀងអាហារវៀតណាម បានប្រាប់ទៅកាន់ សារព័ត៌មាន Reuters ។
គួរឱ្យដឹងថា វៀតណាម ជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ របស់ពិភពលោក បានរាយការណ៍ពីអំពីការកើនឡើង ១៩% ពីមួយឆ្នាំទៅមួយឆ្នាំ នៃការនាំចេញអង្កររបស់ខ្លួន ខណ:នៅត្រឹមរយ:ពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ នេះ វៀតណាមមានការនាំចេញ កើនឡើងដល់ ៤,៧ លានតោន។
តម្លៃនាំចេញអង្ករវៀតណាម ក៏ត្រូវបានរំពឹងថានឹងកើនឡើងក្នុងកំឡុងប៉ុន្មានខែខាងមុខនេះផងដែរ ដោយសារតម្លៃផលិតកម្មកាន់តែខ្ពស់ ស្របពេលលោក Nam បានបង្ហាញទៀតថា ប្រទេសហ្វីលីពីន នៅតែជាទីផ្សារនាំចេញធំបំផុត របស់វៀតណាម នៅឆ្នាំនេះ ។
លើសពីនេះ បើយោងតាមប្រភពជាច្រើន បានបង្ហាញការពីថ្ងៃចន្ទថា ប្រទេសបង់ក្លាដែស កំពុងរៀបចំបិទបញ្ចប់កិច្ចព្រមព្រៀង ជាមួយវៀតណាម និងឥណ្ឌា ក្នុងការនាំចូលអង្ករចំនួន ៣៣០ ០០០ តោន សម្រាប់ចែកចាយ ក្នុងរយ:ពេលបីខែខាងមុខ ៕