ព្រឹកថ្ងៃពុធស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។
ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។
ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ។
សូមបញ្ជាក់ថា គិតមកពេលនេះ រាជធានីភ្នំពេញមានស្ពានដែលបានឲ្យដំណើការចំនួន៦ហើយ លើកលែងតែស្ពានចំនួន៣ទៀត ក្នុងនោះមានស្ពានអាកាសឫស្សីកែវ កំពុងដំណើរការសាងសង់នៅឡើយ ខណៈស្ពានអាកាស ២ទៀត គឺស្ពានអាកាសថ្មី ស្ថិតនៅផ្លូវ៦០ម៉ែត្រ និងស្ពានទីស្ពាននៅស្តុបស៊ិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៉ី។
ជារួមបើគិតទាំងស្ពានអាកាសដែលបានដាក់ឱ្យដំណើរការរួចរាល់ហើយ ចាយថវិកាប្រមាណ ៨៥,៦៤៨,៥០៩.៧ដុល្លារ ខណៈដែលកំពុងសាងសង់ និងត្រៀមបើកការដ្ឋានសាងសង់នៅរាជធានីភ្នំពេញមិនទាន់រាប់បញ្ចូលនោះទេ៕