តម្លៃទំនិញនៅតែបន្តឡើងថ្លៃឥតឈប់ឈរ តាំងពីរុស្ស៊ីបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ស្របពេលបម្រែបម្រួលអាកាសធាតុថែមទៀត វារឹតតែធ្វើឲ្យសង្វាក់ផ្គត់ផ្គង់អាហារលើទីផ្សារមានការរាំងស្ទះ។
ទាក់ទងនឹងបញ្ហាមួយនេះ អ្នកជំនាញជាច្រើនសុទ្ធតែបង្ហាញក្ដីបារម្ភថា វិបត្តិកង្វះចំណីអាហារជាសកលនឹងអាចកើតមានឡើង បើសិនជាសង្វាក់ផ្គត់ផ្គង់ចំណីអាហារនៅតែបង្ហាញសញ្ញាអវិជ្ជមាន។
ដោយឡែក យោងតាមទិន្នន័យអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ការឡើងថ្លៃអាហារអាចជាហេតុផលចំបងមួយដែលបង្កឲ្យកើតជាវិបត្តិកង្វះចំណីអាហារ ស្របពេលការផ្គត់ផ្គង់គឺមិនខ្វះឡើយ។
នេះក៏មានន័យថា បើសិនជាទំនិញនៅតែបន្តឡើងថ្លៃ នោះប្រជាជនមានកម្រិតជីវភាពក្រីក្រនឹងជួបប្រទះវិបត្តិកង្វះចំណីអាហារ ស្របពេលអ្នកមានគឺនៅតែសំបូរហូរហៀរដដែល។ តួយ៉ាងតម្លៃអាហារបានបន្តឡើងថ្លៃ ១៣% នៅខែកក្កដា បើធៀបនឹងឆ្នាំទៅ ស្របពេល UN សន្និដ្ឋានថា តម្លៃអាហារសកលនឹងបន្តឡើងថ្លៃ ៨,៥% នៅឆ្នាំ ២០២៧។
សូមជម្រាបដែរថា មានកត្តាជាច្រើនដែលធ្វើឲ្យតម្លៃអាហារឡើងថ្លៃ ហើយក្នុងនោះការឡើងថ្លៃជីដែលនាំចេញពីរុស្ស៊ី គឺជាហេតុផលសំខាន់មួយ ដ្បិតមហាអំណាចមួយនេះជាអ្នកផ្គត់ផ្គង់ជីធំបំផុតមួយលើលោក៕