ក្រុមហ៊ុន Toyota Motor Corp នឹងចំណាយថវិកាប្រមាណ ៧៣០ ពាន់លានយ៉េន ឬប្រមាណ ៥,៣ ពាន់លានដុល្លារនៅជប៉ុន និងអាមេរិក ក្នុងគោលបំណងពង្រីកការផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី។ នេះបើតាមការអះអាងពីក្រុមហ៊ុនផលិតរថយន្តជប៉ុនបាននិយាយកាលពីថ្ងៃពុធ។
ក្រុមហ៊ុនមួយនេះថែមទាំងអះអាងថា សង្វាក់ផលិតអាគុយរថយន្តនឹងដំណើរការចន្លោះឆ្នាំ ២០២៤ និង ២០២៦ ជាមួយគោលបំណងផលិតអាគុយរថយន្តនៅប្រទេសទាំង ២ នេះឲ្យបានដល់ ៤០ ពាន់លានវ៉ាត់ម៉ោង (៤០ GWh)។
ដោយឡែក CNA ក៏បានបញ្ជាក់បន្ថែមថា Toyota នឹងចាយលុយប្រមាណ ៤០០ ពាន់លានយ៉េនសម្រាប់ការសាងសង់រោងចក្រផលិតអាគុយរថយន្តនៅភាគខាងលិចទីក្រុង Himeji ប្រទេសជប៉ុន ខណៈនេះគឺជាការចូលរួមរវាងក្រុមហ៊ុន Toyota, Prime Planet Energy & Solutions Co និង Panasonic Holdings Corp។
រីឯទឹកប្រាក់ដែលនៅសេសសល់ប្រមាណ ២,៥ ពាន់លានដុល្លារទៀត នឹងត្រូវយកទៅវិនិយោគលើការសាងសង់រោងចក្រអាគុយរថយន្ត Toyota នៅ North Carolina សហរដ្ឋអាមេរិក៕