លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថាន គ្រោងបង្កើតឧទ្យានជាតិសមុទ្រថ្មីនៅកម្ពុជា ក្នុងទឹកដីនៃខេត្តកែប ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សាអំពីទីតាំងផ្ទៃសមុទ្រនិងផលប៉ះពាល់បរិស្ថាន។ លោកបន្តថា ចំពោះខេត្តកែប ឧទ្យានជាតិសមុទ្រថ្មីនេះ រំពឹងថា នឹងជួយដល់សេដ្ឋកិច្ចជីវភាពពលរដ្ឋក្នុងខេត្ត តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យកាន់តែច្រើន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែសីហាម្សិលមិញ លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា ការបង្កើតឧទ្យានសមុទ្រថ្មី នៅក្នុងទឹកដីខេត្តកែប មានទំហំផ្ទៃសមុទ្រប្រមាណជាង ១ម៉ឺនហិចតា។ ជាគម្រោងថ្មី ដែលនៅមិនទាន់មានដំណើរការ និងក៏មិនទាន់មានកិច្ចសហការជាមួយក្រុមហ៊ុនឯកជនណាមួយដែរ។
សូមជម្រាបជូនថា បច្ចុប្បន្ននេះ កម្ពុជាមានតំបន់ឧទ្យានជាតិសមុទ្រចំនួន ២រួចទៅហើយគឺ ទី១ ឧទ្យានជាតិសមុទ្ររាម មានទីតាំងស្ថិតនៅរវាងកោះថ្មី និងក្រុងព្រះសីហនុ ដែលមានផ្ទៃដីនិងផ្ទៃទឹកសរុប ២ម៉ឺន១ពាន់ហិកតា។ ទី២ ឧទ្យានជាតិសមុទ្រកោះរ៉ុង មានទីតាំងនៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមានផ្ទៃដី និងផ្ទៃទឹកសរុបជាង ៥ម៉ឺន២ពាន់ហិកតា។
ជាមួយគ្នានេះដែរ បើមិនមានអ្វីប្រែប្រួលនោះទេ កម្ពុជាអាចនឹងបន្ថែមតំបន់ឧទ្យានជាតិសមុទ្រចំនួន ១ទីតាំងទៀត គឺឧទ្យានជាតិសមុទ្រថ្មីនៅកម្ពុជា ក្នុងទឹកដីនៃខេត្តកែបនេះឯង។
សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចម្នាក់ ថ្លែងសុំមិនបង្ហាញឈ្មោះបានឲ្យដឹងថា លោករីករាយចំពោះការបង្កើតឧទ្យានថ្មីនេះ តែក៏បានស្នើឲ្យរដ្ឋាភិបាល មានផែនការជាក់លាក់ក្នុងការអភិរក្ស និងរារាំងមិនឲ្យឈ្មួញឯកជន យកលេសអាជីវកម្មមកបំបែកដីឧទ្យានសមុទ្រនេះ យកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍សាធារណជនទូទៅនោះឡើយ។
លោកថា រដ្ឋាភិបាលត្រូវមានយុទ្ធសាស្ត្រការពារផ្ទៃដីឲ្យបានគង់វង្ស កុំឲ្យមានជនឆ្លៀតឱកាស កាត់ឆ្វៀល ឬក៏ផ្តល់ទៅឲ្យក្រុមហ៊ុនអ្នកវិនិយោគចូលទៅក្នុងតំបន់ដែលត្រៀមអភិរក្សបង្កើតឧទ្យានសមុទ្រថ្មីកម្ពុជានោះ។
សូមជម្រាបជូនថា ខេត្តកែប បច្ចុប្បន្នកំពុងទាក់ទាញភ្ញៀវទេសចរនៅប៉ុន្មានចុងក្រោយនេះ ដែលមានទាំងភ្ញៀវជាតិ អន្តរជាតិមកទស្សនា និងបើកការរកស៊ីនៅក្នុងខេត្តភាគនារតីមួយនេះ៕