IMF ទំនងអាចផ្ដល់កម្ចីបន្ទាន់ពាន់លានដុល្លារដល់ស្រីលង្កា ដើម្បីស្ដារសេដ្ឋកិច្ចជាតិ

អន្តរជាតិ

ដូចដែលប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា ប្រទេស​ស្រីលង្កា​កន្លង​មក​គឺ​បាន​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាប់យ៉ឺន​បំផុត​មិន​ធ្លាប់មាន រហូត​ប្រជាពលរដ្ឋ​នាំគ្នា​បះបោរ​ធ្វើបាតុកម្ម​ទម្លាក់​ប្រធានាធិបតី​ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ស្ថានការណ៍​ហាក់ប្រែ​ជា​ស្ងប់ស្ងាត់​បាន​មួយ​រយៈ ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​បាន​បញ្ចប់ ហើយ​ជាមួយ​ការ​កាន់តំណែង​មួយ​នេះ រដ្ឋាភិបាល​ថ្មី​ប្ដេជ្ញាចិត្ត​ថា នឹង​ជួយ​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​វិល​មក​ប្រក្រតី​ឡើង​វិញ។

ដើម្បី​អាច​ស្រោចស្រង់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឲ្យ​ដំណើរការ​ឡើងវិញ ស្រីលង្កា​ចាំបាច់​ត្រូវ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​អន្តរជាតិ​រាប់ពាន់​លាន​ដុល្លារ ហើយ​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF គឺ​ជា​ស្ថាប័ន​តែ​មួយ​គត់​អាច​ជួយ​ស្រីលង្កា​បាន។

ទាក់ទង​នឹង​រឿងរ៉ាវ​មួយ​នេះ Reuters បាន​រាយការណ៍​ថា ស្រីលង្កា​ និង IMF បាន​ព្រមព្រៀង​គ្នា​បណ្ដោះអាសន្ន ក្នុង​ការ​ផ្ដល់​កម្ចីបន្ទាន់​ដល់​ប្រទេស​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច​មួយ​នេះ ខណៈ​ការ​ប្រកាស​ផ្លូវការ​អាច​នឹង​ធ្វើឡើង​នៅ​ថ្ងៃព្រហស្បតិ៍។

ប្រភព​ដដែល​បាន​បន្ថែម​ថា ប្រទេស​ដីកោះ​មួយ​នេះ​ទំនង​អាច​ខ្ចី​បំណុល​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​ពី IMF ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អាក្រក់​បំផុត ដែល​កើតមាន​ក្នុង​រយៈពេល​ច្រើនជាង ៧ ទសវត្ស​ចុងក្រោយ៕