លោក ម៉ែន អេង ពិធីករទូរទស្សន៍បាយ័ន ចូលកាន់តំណែងអភិបាលរង ខេត្តស្វាយរៀង ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

លោក ម៉ែន​ អេង ដែលជាពិធីករពូកែខាងវោហាស័ព្ទមួយរូប របស់ស្ថានីយទូរទស្សន៍បាយ័ន បាន​ចូល​កាន់​តំណែង​ជា​ អភិបាលរង​ខេត្ត​ស្វាយរៀង​ ជាផ្លូវការ​ហើយ នៅ​​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២០២២​នេះ​ ​​ខណៈ​ដែល​ពិធី​ប្រកាស​ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ​នេះ​ ធ្វើ​ឡើង​ក្រោម​អធីបតី​ភាព​ ឯកឧត្ដម ឡាំ​ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ម៉ែន វិបុល ​អភិបាលខេត្ត​​​ស្វាយរៀង បាន​ចូលរួមអបអរសាទរ និងមានសេចក្ដីសង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំថា ឯកឧត្ដម លោកជំទាវអភិបាលរងខេត្តថ្មី ដែល​ប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹង​អនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការសាមគ្គីភាព និងឯកភាព​ផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្ត ការងារក្នុងជួរគណៈអភិបាលខេត្ត កាន់តែមាន​ប្រសិទ្ធភាព​ ដើម្បី​ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់​ការផ្ដល់សេវា​សាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកប​ដោយបរិយាប័ន្ន និងសមធម៌ សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជា ពលរដ្ឋ​នៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផល​ច្រើន​ជាងមុន។

លោក ម៉ែន​ អេង ជាអភិបាលរង​ថ្មី​មួយ​រូប ក្នុង​ចំណោម​អភិបាលរង​ថ្មី​​សរុប​ចំនួន​៤​រូប​របស់​ខេត្ត​ស្វាយរៀង ដែល​ទើប​ទទួលបាន​ការ​តែងតាំង​ថ្មី។ លោក ម៉ែន​ អេង ជា​បុគ្គល​មួយ​រូប​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​​បាន​ខិតខំ ពុះពារ​​​យ៉ាង​ខ្លាំងក្នុង​ការងារ​ជា​អ្នក​រាជការ។ ជាក់ស្តែង​លោក​ធ្លាប់​បម្រើការងារ​ជា​ទាហាន នៅ​ក្រសួង​ការពារ​ជាតិ ជា​មន្ត្រីនគរបាល ​នៅ​ក្រសួង​មហាផ្ទៃ និង​បច្ចុប្បន្ន​ជា​មន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ហើយ​លោក​បាន​ឆ្លងកាត់​ការ​សិក្សា​ជា​ច្រើន​ផង​ដែរ រួម​ទាំង​វគ្គ​​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ នៅសាលាភូមិន្ទ​រដ្ឋបាល។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ៦៧៣ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ របស់​រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក​ ប៉េង​ ពោធិ៍សា​ ឋានន្តរស័ក្តិឧត្តមអភិបាល ថ្នាក់លេខ៦​, លោក ម៉ែន​ អេង ឋានន្តរស័ក្តិ​ ឧត្តមមន្ត្រី ថ្នាក់លេខ៤​,​ លោក​ សុខា​ រ៉ាម​ ឋានន្តរស័ក្កិវរមន្ត្រី​ថ្នាក់លេខ១​ និង​ លោកស្រី​ យក់​ ស៉ីណាត​ ឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៣​ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈ​អភិបាល​ខេត្តស្វាយរៀង៕