ចិនទាមទារឲ្យអាមេរិកទទួលខុសត្រូវលើបញ្ហាកោះតៃវ៉ាន់ ទើបយល់ព្រមចូលតុប្រជុំ COP27

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា នឹងយល់ព្រមចូលរួមក្នុងកិច្ចចរចាស្តីពីបម្រែបម្រួលអាកាសធាតុទ្វេរភាគីជាមួយសហរដ្ឋអាមេរិក លុះត្រាតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន យល់ព្រមលើលក្ខខណ្ឌរបស់ខ្លួន ក្នុងការទទួលខុសត្រូវ ទៅលើដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi មកកាន់កកោះតៃវ៉ាន់ កាលពីដើមខែនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី ២ ដល់ទី ៣ ខែសីហាកន្លងទៅ ប្រទេសចិន បានសម្រេចផ្អាកកិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយសហរដ្ឋអាមេរិក ក្នុងការវិស័យធំៗមួយចំនួន រួមទាំងកិច្ចពិភាក្សាអាកាសធាតុ និងការសន្ទនា រវាងមេបញ្ជាការយោធាជាន់ខ្ពស់រវាងប្រទេសទាំងពីរ ផងដែរ ។

ជុំវិញការផ្អាកកិច្ចសហប្រតិបត្តិការនេះ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ដែលបច្ចុប្បន្នជាអ្នកការទូតផ្នែកអាកាសធាតុកំពូលរបស់រដ្ឋាភិបាល លោក Joe Biden បាននិយាយថា លោកសង្ឃឹមថា ប្រទេសនានា អាចវិលត្រលប់មកបន្តកិច្ចពិភាក្សានេះឡើងវិញ នៅមុនពេលកិច្ចប្រជុំកំពូលអាកាសធាតុ COP27 របស់អង្គការសហប្រជាជាតិ និងត្រូវធ្វើឡើង ក្នុងខែវិច្ឆិកាខាងមុខ នៅឯប្រទេសអេហ្ស៊ីប ។

យ៉ាងណា ប្រទេសចិន ដែលកំពុងបន្តមានភាពតានតឹងជាមួយកោះតៃវ៉ាន់ បានចេញមុខឆ្លើយតបទៅកាន់ លោក Kerry នៅថ្ងៃពុធនេះថា ការបន្តកិច្ចចរចាលើបម្រែបម្រួលអាកាសធាតុជាមួយសហរដ្ឋអាមេរិក អាចធ្វើទៅបាន លុះត្រាតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចូលរួមដោះស្រាយ លើបញ្ហាជ្រៀតជ្រែក ដែល​បង្ក​ឡើងដោយ ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជាមុនសិន ។

លើសពីនេះ ក្រសួងការបរទេសចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ផ្ញើទៅកាន់សារព័ត៌មាន Reuters ថា “ភាគីអាមេរិកគួរតែដកចេញឥទ្ធិពលអវិជ្ជមានរបស់ លោកស្រី Pelosi ទៅកាន់តៃវ៉ាន់ ដែលនេះជាលក្ខខណ្ឌមិនអាចខ្វះបាន បើចង់ឱ្យមានកិច្ចសហប្រតិបត្តិការការប្រែប្រួលអាកាសធាតុរវាងចិន និងសហរដ្ឋអាមេរិក” ។

រំលឹកដែរថា កន្លងមករដ្ឋាភិបាលចិនតែងតែនិយាយជារឿយៗទៅកាន់សហរដ្ឋអាមេរិក កុំឲ្យលូកដៃចូលបញ្ហាផ្ទៃក្នុងរវាងខ្លួន និងតៃវ៉ាន់ ប៉ុន្តែនៅថ្ងៃទី ២ ខែសីហា មន្ត្រីជាន់ខ្ពស់អាមេរិក Nancy Pelosi បាន​ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ទាំងមិនខ្វល់ពីការព្រមានរបស់​ចិន រហូតធ្វើឲ្យមហាអំណាចសេដ្ឋកិច្ចទាំង ២ មានភាពល្អក់កកររវាងគ្នា និងគ្នា ទាំងដែលបញ្ហាកោះតៃវ៉ាន់ នៅមិនទាន់ចប់ដាច់ស្រេច៕