អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យជាច្រើននៅក្នុងដៃ អ្នកឧកញ៉ា គិត ម៉េង ឈានចូលវ័យ ៥៤ឆ្នាំ គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ។
ជាមួយនឹងថ្ងៃកំណើតស្ថាបនិករ៉ូយ៉ាល់ គ្រុប ក្រុមហ៊ុនក៏បានបង្ហោះសារជាពាក្យស្លោកដ៏មានន័យដែលបានលើកឡើងថា “អ្នកដឹកនាំដ៏ល្អម្នាក់នឹងបើកផ្លូវ ប៉ុន្តែអ្នកដឹកនាំដ៏អស្ចារ្យម្នាក់តែងតែបង្ហាញផ្លូវ” ។ នេះអាចទំនងជាចង់សំដៅដល់អ្នកឧកញ៉ា គិត ម៉េង ដែលជាធុរកិច្ចជនឆ្នើមផង ជាមេដឹកនាំដ៏ពូកែ ហើយដែលតែងតែបង្ហាញផ្លូវជាមាគ៌ាល្អៗប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងសកម្មភាពធុរកិច្ច និងយុទ្ធសាស្ត្រគន្លឹះគ្រប់គ្រងបុគ្គលិករាប់ពាន់ ក្នុងសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ក្រៅពីនេះ លោកមានតួនាទីជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ចំណុះក្រសួងពាណិជ្ជកម្ម។
គួររម្លឹកបន្តិចថា អ្នកឧកញ៉ា គិត ម៉េង ជាកូនទី៣ ជាប់សែស្រឡាយចិន កើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៨ ស្ថិតនៅក្នុងស្រុកស្អាង (បច្ចុប្បន្នក្រុងតាខ្មៅ) ខេត្តកណ្តាល។
ក្នុងទស្សនៈវិស័យសម្រាប់បេសកកម្មជីវិត អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា៖ “ខ្ញុំមិនបញ្ឈប់នៅចំណុចនេះទេ ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត”៕