តើ CEO របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជានរណា?

សង្គម​ និង​សេដ្ឋកិច្ច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) មានប្រភពកើតចេញ​មកពី​កម្មវិធីឥណទានខ្នាតតូច និងសន្សំ​របស់អង្គការ ខុនស៊ើន វើលវ៉ាយ (Concern Worldwide)​ ដែលបានបង្កើតដំបូង​ក្នុងដើមឆ្នាំ​ទសវត្សរ៍ ១៩៩០។​ នៅឆ្នាំ ២០០២​ អង្គការ ខុនស៊ើន វើលវ៉ាយ បានសម្រេចចិត្តបង្កើត​គ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុ​ដាច់ដោយឡែកមួយ ស្ថិតក្រោមឈ្មោះថា អង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា (AMK) ដែលបន្ទាប់មកត្រូវបាន​គេ​ស្គាល់ និងបានចុះបញ្ជីពាណិជ្ជកម្មជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

AMK ​មាន​ក្រុមប្រឹក្សាភិបាល ៩ រូប (រួមទាំងអគ្គនាយកផងដែរ) គឺជាអ្នកដែលមានជំនាញ​ទូលំទូលាយ​ក្នុង​វិស័យផ្សេងៗដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មានវិទ្យា ហានិភ័យ រតនាគារ សវនកម្ម ច្បាប់ និងប្រតិបត្តិ និងការអភិវឌ្ឍ ក៏ដូចជាបទពិសោធន៍ជាច្រើនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ​ និងធនាគារ​វិនិយោគ។ ក្រុមប្រឹក្សាភិបាល គឺ​អ្នក​សម្រេច​តែងតាំងប្រធាននាយកប្រតិបត្តិ (CEO) ដែល​ជា​ក្បាល​ម៉ាស៊ីន ក្នុង​​ការ​ដឹក​នាំ​គ្រប់​​ផ្នែក​ទាំង​អស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទាំង​មូល។

ប្រធាននាយកប្រតិបត្តិ​ ​​របស់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ​​បច្ចុប្បន្ន​គឺជា​ជនជាតិ​ខ្មែរ មាន​ឈ្មោះ​​ថា “គា បូរាណ”។ លោក​ បូរាណ ត្រូវបានតែងតាំង​ជា​ប្រធាន​នាយក​ប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងឆ្នាំ ២០១២ ។ លោក​បាន​ចូល​បម្រើការ​នៅ អេ អឹម ខេ អស់​រយៈពេល​ជិត២០ ឆ្នាំ​មកហើយ ចាប់​តាំង​ពី​ឆ្នាំ ២០០៤ មក។ លោក​បាន​កាន់តំណែង​ថ្នាក់ដឹកនាំ​ជាច្រើន ដើម្បី​ចូលរួម​អភិ​វ​ឌ្ឍ​គ្រឹះស្ថានដូចជា ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ (CFO) និង​អនុប្រធាននាយក​ប្រតិបត្តិ។

មុនពេល​ដែល​លោក​ចូលរួមជាមួយ អេ អឹម ខេ លោក​បានធ្វើការ​ឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ផ្សេងទៀត​ក្នុង​តួនាទីជានា​យក​ហិរញ្ញវត្ថុ។ លោក បូរាណ បានកាន់តំណេងជាប្រធាន​នាយក​នៅក្នុងស្ថាប័នផ្សេងទៀត​ដូចជា សមាគមធនាគារកម្ពុជា សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។ លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ និងបរិញ្ញាបត្រ​ភាសាអង់គ្លេស។ លោកទទួល​បាន​សញ្ញាបត្រ ជា​គណនេយ្យ​ក​​អាជីព “ACCA”​ (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូល​ជា​សមាជិកគណនេយ្យ​ករអាជីព “ACCA” ក្នុងឆ្នាំ២០០៨។

លោក គា បូរាណ ជា​អ្នក​ស្រុក​ចំការលើ ខេត្ត​​កំពង់ចាម និង​​​ធ្លាប់​ជា​ក្មេងវត្ត ​រស់នៅ​អាស្រ័យ​​ដោយ​​បាយ​​បាត្រ​របស់​​​​​​ព្រះសង្ឃ ​នៅក្នុង​វត្ត​ជ្រោយថ្ម ខេត្ត​កំពង់ចាម​ អំឡុងពេល​​​លោក​​​​សិក្សានៅ​​ថ្នាក់​វិទ្យាល័យ​ និង​បាន​​ស្នាក់នៅ​វត្ត​ឧណ្ណាលោម​ ពេល​លោកបន្ត​សិក្សានៅ​មហាវិទ្យាល័យ ​​ក្នុង​រាជធានី​​ភ្នំពេញ។

សូមជម្រាបជូនថា គិតត្រឹមឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបជិត ១ លាននាក់ ជាមួយនឹង​ការិយាល័យ​ប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧ ០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរ​ប្រាក់​ក្នុង និងក្រៅប្រទេស សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្សរ៍ សេវា​បង់រំលស់ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការ​ធនាគារលើទូរស័ព្ទដៃអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយ​បត្រ​ថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈ​ប្រព័ន្ធ​ទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕

​​