ក្នុងបេសកកម្មដឹកនាំគណៈប្រតិភូ និងអ្នកវិនិយោគ លោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ប្រចាំរាជធានីភ្នំពេញ ហៅកាត់ JETRO បានដឹកនាំគណៈប្រតិភូ អ្នកវិនិយោគពីប្រទេសជប៉ុន ២៦រូប ទស្សនកិច្ច ក្រុមហ៊ុន លីលី ហ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី របស់លោកជំទាវឧកញ៉ា កែវ មុំ ដើម្បីស្វែងរកឱកាសវិនិយោគ និងកិច្ចសហការក្នុងភាពជាដៃគូទៅថ្ងៃមុខ។
នៅចំពោះមុខគណៈប្រតិភូជប៉ុនទាំង ២៦រូប នោះដែរ ស្ថាបនិកក្រុមហ៊ុន លីលី ហ៊ូដ ដែលគេស្គាល់ថា ជាសិប្បកម្មផលិតនំស្រួយលីលី ដ៏ល្បីឈ្មោះ និងឈរជើងយ៉ាងរឹងមាំជាង ២០ឆ្នាំប្លាយនៅប្រទេសកម្ពុជា លោកជំទាវឧកញ៉ា កែវ មុំ ថ្លែងថា៖ “ខ្ញុំពិតជាសប្បាយរីករាយ និងមានមោទនភាព ក្នុងនាមជាអ្នកជំនួញមួយរូបនៅកម្ពុជា ដែលមានឱកាសទទួលស្វាគមន៍អ្នកវិនិយោគជប៉ុនតាមរយៈអង្គការ JETRO ចុះមកទស្សនៈកិច្ចពីសង្វាក់ផលិតកម្មដល់ទីតាំងក្រុមហ៊ុន លីលី ហ្វូត ផ្ទាល់ ហើយខ្ញុំ សង្ឃឹមថា ក្រោមជំនួបនេះរួច ពួកយើងអាចនឹងមានកិច្ចសហការណាមួយជាបន្តបន្ទាប់”។
តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន លោកស្រី Marisa Haruta មានប្រសាសន៍ប្រាប់ Oknha News ឱ្យដឹងដែរថា៖ “គោលបំណងនៃគណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុន មកដល់ទីតាំងក្រុមហ៊ុន LYLY FOOD INDUSTRY Co.,LTD នាពេលនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីវឌ្ឍនភាព និងសង្វាក់ផលិតកម្មនំស្រួយលីលី ដោយផ្ទាល់ ព្រោះកន្លងមក យើងខ្ញុំបានដឹងខ្លះៗពីប្រវត្តិ និងភាពល្បីល្បាញរបស់សិប្បកម្ម រហូតអាចជ្រៀតចូលដល់ទីផ្សារក្រៅប្រទេសទៀតផង”។
គួរបញ្ជាក់ថា ក្រុមហ៊ុន លីលី ហ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី ដែលផ្ដោតលើការផលិតនំស្រួយដ៏មានឱជារសឈ្ងុយឆ្ងាញ់របស់លោកជំទាវឧកញ៉ា កែវ មុំ មានប្រវត្តិចាប់ផ្ដើម និងបន្តឈរជើងនៅកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ វត្តមាននំស្រួយ លីលី កំពុងចរាចរណ៍លក់នៅលើទីផ្សារ ទូទាំង ២៥រាជធានីខេត្តក្រុង ក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ នំស្រួយ លីលី ក៏វាយលុកទីផ្សារដល់ក្រៅប្រទេស រហូតដល់ជាង ១០ប្រទេស ហើយទៅថ្ងៃមុខ ក្រុមហ៊ុន ផលិតនំស្រួយ ដែលបំពាក់ដោយស្វ័យទំនើបកម្មក្នុងសង្វាក់ផលិតកម្ម និងប្រើប្រាស់វត្ថុធាតុដើមពីអង្ករខ្មែរនេះ នឹងបន្តនាំយករសជាតិនំកញ្ចប់ខ្មែរ ផលិតតាមស្តង់ដារអនាម័យ និងគុណភាពខ្ពស់មួយនេះ ទៅកាន់ពិភពលោក បន្តទៀត៕