រយៈពេល៨ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណ ២,៥០០លានដុល្លារ ស្មើនឹង៨៧ភាគរយ នៃផែនការច្បាប់ថវិកាជាតិ។ នេះបើតាមការបញ្ជាក់ពីលោក គង់ វិបុល ក្នុងកម្មវិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់ក្រុមហ៊ុន ហនុមាន នៅថ្ងៃទី៣១ ខែសីហាម្សិលមិញ។
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រយៈពេល ៨ខែឆ្នាំនេះ ពន្ធដារបានទទួលចំណូលប្រមាណ ២,៥០០លានដុល្លារ បើប្រៀបធៀបទៅនឹងផែនការប្រចាំឆ្នាំ បានប្រមាណជា៨៧ភាគរយ ដូច្នេះ យើងនៅរយៈពេល៤ខែទៀត ដែលត្រូវប្រមូល។
លោកបន្តថានៅក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ អាចនឹងប្រមូលចំណូលលើសផែនការ នៅក្នុងច្បាប់ថវិកាជាតិ ដែលបានកំណត់ ចំនួន២,៨០០លានដុល្លារ គឺពន្ធដារ អាចប្រមូលចំណូលរហូតដល់ជាង៣,០០០លានដុល្លារ។
យ៉ាងណាបើតាមលោក គង់ វិបុល ការកើនឡើងនេះ ដោយសារតែការកែទម្រង់ នៃផ្នែកប្រព័ន្ធពន្ធដារ លើគ្រប់វិស័យទាំងការផ្តល់សេវា ដល់អ្នកជាប់ពន្ធ, ទាំងការផ្តល់សេវាការចុះបញ្ជីបានល្អ, ទាំងការធ្វើសវនាកម្មបានល្អ ទាំងការគ្រប់គ្រងបំណុល និងដោះស្រាយបញ្ហានានា ដែលធ្វើឲ្យអ្នកជាប់ពន្ធទាំងអស់ មានភាពងាយស្រួល ក្នុងការបង់ពន្ធ៕