ឧកញ៉ា តែ តាំងប៉ ចាប់ដៃជាមួយអភិបាលខេត្តកែប ហៅម្ចាស់សហគ្រាសជិត ២០០នាក់ មករៀនរបៀបកសាងអាជីវកម្មជោគជ័យ

ជុំវិញ​ឧកញ៉ា

សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រៀបចំកម្មវិធីសិក្ខាសាលាស្ដីពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ» ជូនសមាជិក សមាជិការបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅខេត្តកែប កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះចូលរួមដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងមន្រ្តីរាជការតាមមន្ទីរនានាក្នុងខេត្តកែប។

នៅក្នុងសិក្ខាសាលានេះ ឧកញ៉ា តែ តាំងប៉ បានអញ្ជើញគ្រូឧទ្ទេសនាមនានាដែលមកពីតំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងអគ្គនាយកដ្ឋានគយ តំណាងនិយ័ករគណនេយ្យ និងសវនកម្ម និងដៃគូរឧបត្តម្ភ ដូចជា ធនាគារព្រីនស៍,ក្រុមហ៊ុន មិត្តហ្វូន , អង្គការតម្លាភាពកម្ពុជា និងអ្នកដែលពាក់ព័ន្ធជាច្រើនរូបទៀតនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមក្នុងខេត្តកែប។

ជាមួយគ្នានេះដែរ ក៏មានការចូលសម្របសម្រួលពីសហការីនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាទាំងអស់ ដែលមានម្ចាស់សហគ្រាសធុនតូច និងមធ្យមចូលរួមចំនួន ១៩០នាក់ផងដែរ។

សូមជម្រាបជូនថា សិក្ខាសាលាស្ដីពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ» ដែលឧកញ៉ា តែ តាំងប៉ បាននឹងកំពុងដឹកនាំដោយផ្ទាល់មិនមែនជាលើកទីមួយឡើយ ខណៈកន្លងមកលោកឧកញ៉ា បានរៀបចំសិក្ខាសាលាជំរុញលើកទឹកចិត្ត​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅតាមបណ្តាខេត្តមួយចំនួនរួចមកហើយ។

គួររម្លឹកបន្តិចថា សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលមានអាសយដ្ឋានទីស្នាក់ការ កណ្ដាលតាំងនៅផ្ទះលេខ តេ១៦៨ មហាវិថីព្រះនរោត្តម ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមាគមនេះបង្កើតឡើងក្នុងបេសកកម្មជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលកំពុងមានតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍន៍ ដើម្បីរួមចំណែករបស់ខ្លួនដោយតម្លៃបន្ថែមនៅក្នុងផលិតកម្ម ឧស្សាហកម្ម សម្រាប់រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ៕