អ្នកឧកញ៉ា ចេន ហ្ស៊ី ទទួលការតែងតាំងជាទីប្រឹក្សាសម្តេច ៣រូប មានឋានៈស្មើ «រដ្ឋមន្ត្រី»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលជាជនជាតិចិន តែទទួលបាន​សញ្ជាតិ​ខ្មែរ ជា​បុគ្គល​​ឆ្នើម​​មួយ​រូប​​ ទទួល​បាន​​​ការ​តែងតាំង​ជា​ទីប្រឹក្សា​ឥស្សរៈជន​ជាន់​ខ្ពស់​​របស់​ប្រទេស​កម្ពុជា​​​​ថ្នាក់​សម្តេច​ ដល់​ទៅ​ ០៣​រូប ​ខណៈ​ដែល​​លោក​ក៏​មាន​ឋានៈ​ស្មើ «រដ្ឋមន្ត្រី»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ចេន ហ្ស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ​ ​ឡាយ​ព្រះហស្តលេខា​ចេញ​ព្រះរាជក្រឹត្យ ​​តែងតាំង​និង​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​ «រដ្ឋមន្ត្រី» ​​កាល​ពី​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ២០២០។

កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ២០២០​ ​​អ្នកឧកញ៉ា ​​ក៏​ទទួល​បាន​ព្រះរាជក្រឹត្យ​តែងតាំង​ និង​ផ្តល់​ឋានៈ​ ជា​ទីប្រឹក្សា​សម្តេច​អគ្គ​មហាពញា​ចក្រី​ ហេង សំរិន ប្រធាន​រដ្ឋសភា នីតិកាលទី៦ ​​មាន​ឋានៈ​ស្មើ «រដ្ឋមន្ត្រី»។

មុន​នោះ​មួយ​ឆ្នាំ អ្នកឧកញ៉ា ចេន ហ្ស៊ី ​​ត្រូវ​បាន​ព្រះមហាក្សត្រ​ ​ឡាយ​ព្រះហស្តលេខា​ចេញ​ព្រះរាជក្រឹត្យ ​​តែងតាំង​និង​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា​ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ រដ្ឋលេខាធិការ ​​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ២០១៩ ខណៈ​ដែល​លោក​ក៏​ធ្លាប់​ត្រូវ​បាន​​តែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ ​​ឋានៈស្មើ អនុរដ្ឋលេខាធិការ កាល​​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ ផង​ដែរ។

សូមបញ្ជាក់ថា ឧកញ៉ា ចេន ហ្ស៊ី ​​​​ទទួល​បាន​គោរមងារ «អ្នកឧកញ៉ា» ​​កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០២០ បន្ទាប់ពី​ទទួល​បាន​គោរមងារ «​ឧកញ៉ា» កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ២០១៦។ យ៉ាងណាមិញ ទោះបី​ការ​តែងតាំង​ជា​ទីប្រឹក្សា​ ​ក្នុង​កាលបរិច្ឆេទ​មុន និង​ក្រោយ​គ្នា​ក្តី តែ​មិនបាន​បញ្ជាក់​អំពី​ព្រះរាជក្រឹត្យ​ថ្មី​​ និរាករណ៍​ព្រះរាជក្រឹត្យ​ចាស់​​នោះ​ឡើយ ដូច្នេះ​​អាច​មាន​ន័យ​ថា អ្នកឧកញ៉ា ចេន ហ្ស៊ី នៅ​តែ​មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​សម្តេច​ទាំង​៣។

ឯកឧត្តម អ្នកឧកញ៉ា ចេន ហ្ស៊ី ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្ថាបនិក​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ​​ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ធំៗ​ជា​ច្រើន​នៅ​កម្ពុជា ដូចជា៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways, ក្រុមហ៊ុន Belt Road Capital Management និង ក្រុមហ៊ុន Awesome Global Investment Group៕