ឧកញ៉ា លឹម សុជាតិ អគ្គនាយកក្រុមហ៊ុន Laksmi Prime Investment Co., LTD, ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចែករំលែកវិធីសាស្ត្រក្នុងការធ្វើទីផ្សារឱ្យបានជោគជ័យ ចំនួន ២ចំណុចសំខាន់ៗ ដែលលោកធ្លាប់បានអនុវត្តផ្ទាល់នៅក្រុមហ៊ុនរបស់លោក។
លោកឧកញ៉ា បានលើកឡើងក្នុងកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន នៅខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ថា ទី១ លោកចាប់ផ្តើមធ្វើទីផ្សារដំបូង គឺចាប់ផ្តើមធ្វើទីផ្សារចេញពីតំបន់សុវត្ថិភាពរបស់ខ្លួន សំដៅទៅលើមិត្តភ័ក្តិនិងក្រុមការងារទាំងឡាយ ដែលលោកបានខំកសាងមកជាច្រើនឆ្នាំ ព្រោះជាដៃគូដែលយើងស្គាល់ច្បាស់ និងដែលយើងគិតថាពេលធ្វើការជាមួយគ្នាទៅ មានការរីកចម្រើន។
បន្ទាប់មក ចំណុចទី២ ត្រូវពង្រីកទីផ្សារនៅតំបន់ជិតៗសិន។ លោកឧទាហរណ៍ថា នៅខេត្តកំពង់ធំ លោកកំពុងមានអតិថិជន មួយម៉ឺននាក់ ដូច្នេះត្រូវតែព្យាយាមពង្រីកទីផ្សារក្នុងខេត្តនេះឱ្យបានកាន់តែច្រើន អាច៣ឬ៤ម៉ឺននាក់សិន កុំទាន់អាលរត់ទៅកាន់ខេត្តផ្សេង។ លោកបន្តថា មធ្យោបាយចំណុចទី២ ដែលលោកបានប្រើប្រាស់នេះ គឺផ្តោតលើទីផ្សារដែលមានស្រាប់ ដោយពង្រីកអតិថិជន។
សូមជម្រាបជូនថា ក្រុមហ៊ុន Laksmi Prime Investment របស់ឧកញ៉ា លឹម សុជាតិ ដែលបានសហការជាមួយនឹងអ្នកវិនិយោគទុនជប៉ុន កាលឆ្នាំ២០១២ មកទល់បច្ចុប្បន្ននេះបានវិនិយោគទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៣ ក្រុមហ៊ុនវិនិយោគ អភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសការអភិវឌ្ឍជាខុនដូ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនចែកចាយនិងបង់រំលស់ម៉ូតូ និងក្រុមហ៊ុនប្រភេទអាជីវកម្ម E-Commerce ដែលទើបចាប់ផ្តើម។ លោក លឹម សុជាតិ បានទទួលគោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៕