ក្រុមហ៊ុនទង់ដែងកំពូលរបស់ចិន គ្រោងលក់ទ្រព្យសម្បត្តិមួយចំនួន ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុ

អន្តរជាតិ

Maike Group ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មទង់ដែងធំបំផុតមួយរបស់ប្រទេសចិន ថ្មីៗនេះ កំពុងពិភាក្សាជាមួយក្រុមហ៊ុនរបស់រដ្ឋ ដើម្បីលក់ទ្រព្យសម្បត្តិរបស់ខ្លួនមួយចំនួន បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានប្រឈមមុខជាមួយនឹងផលលំបាកខ្លាំង ក្នុងការទូទាត់សាច់ប្រាក់ ជូនដល់អ្នកផ្គត់ផ្គង់មួយចំនួនរបស់ខ្លួន ។ នេះបើយោងតាមលោក He Jinbi ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ដែលបាននាំចូលទង់ដែងចម្រាញ់ច្រើនជាង ១ លានតោន ក្នុងមួយឆ្នាំ បាននិយាយថា ការបិទខ្ទប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងទីក្រុងសៀងហៃ និងស៊ីអាន កាលពីដើមឆ្នាំនេះ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន ។

ក្រុមហ៊ុន Maike បានសង្កត់ធ្ងន់ទៀតថា ការបិទខ្ទប់នេះ បានធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូន និងការចែកចាយឯកសារហិរញ្ញវត្ថុ រួមទាំងប្រតិបត្តិការធនាគារ ដែលនាំឱ្យមានការពន្យាពេលដល់ការដឹកជញ្ជូន និងការទូទាត់មិនច្បាស់លាស់​ ។

មិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មាន Bloomberg ក៏បានរាយការណ៍កាលពីសប្តាហ៍មុនផដែរថា ក្រុមហ៊ុនរុករករ៉ែ ដូចជា BHP និង Codelco បានផ្អាកការលក់របស់ពួកគេ ទៅឱ្យក្រុមហ៊ុន Maike ដែលជាហេតុធ្វើឱ្យ Maike ជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុបន្ថែមទៀត ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Maike Group មានទ្រព្យសកម្មថេរ ចំនួន ១៥ ពាន់លានយ៉ន់ ឬ ២,១៧ ពាន់លានដុល្លារ និង ៣ ពាន់លានយ៉ន់ផ្សេងទៀត ក្នុងការវិនិយោគទុនរយ:ពេលវែងនៅបរទេស ដែលនឹងអាចត្រូវលក់ចេញ ដើម្បីជួយសម្រួលដល់លំហូរសាច់ប្រាក់របស់ខ្លួន ។

ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានក្រុមហ៊ុន លោក He Jinbi បានបដិសេធមិនបញ្ចេញឈ្មោះក្រុមហ៊ុន ដែលពាក់ព័ន្ធ ក្នុងកិច្ចភាក្សានេះនោះឡើយ ដោយសារតែការពិភាក្សា កំពុងបន្តដំណើរការ នៅឡើយ ៕