មូលនិធិ Raymon Magsaysay នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានប្រកាសផ្ដល់ពានរង្វាន់ Raymon Magsaysay ឬហៅថា «ពានរង្វាន់ណូបែលអាស៊ី» លើកទី៦៤ ឆ្នាំ២០២២ ដល់លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា។
ការផ្តល់ «ពានរង្វាន់ណូបែលអាស៊ី» ជាការលើកទឹកចិត្តសម្រាប់ការងារដោះស្រាយបញ្ហាជំងឺផ្លូវចិត្តនៅកម្ពុជារបស់លោកវេជ្ជបណ្ឌិតដែលកាន់តួនាទីជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ ហៅកាត់ថា TPO។
មូលនិធិ Raymon Magsaysay បានតាមដានការងាររបស់វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ជាង២ឆ្នាំ ទើបសម្រេចផ្ដល់ «ពានរង្វាន់ណូបែលអាស៊ី» ជូនរូបលោក។ នោះក៏ព្រោះតែ មូលនិធិនេះយល់ឃើញថា លោកបានធ្វើការងារជាច្រើន ដើម្បីជួយដល់អ្នកជំងឺផ្លូវចិត្តនៅកម្ពុជា។ មុនទទួល «ពានរង្វាន់ណូបែលអាស៊ី» វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានចំណាយពេលសិក្សា និងបម្រើការងារនៅក្នុងវិស័យពិគ្រោះនិងព្យាបាលអ្នកជំងឺផ្លូវចិត្តនៅកម្ពុជាអស់រយៈពេល៣ទសវត្សមកហើយ។
មានវ័យ៥៤ឆ្នាំ វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកចិត្តសាស្ត្រនៅឆ្នាំ២០១៤ និងបានបម្រើការងារក្នុងវិស័យពិគ្រោះយោបល់និងព្យាបាលជំងឺចិត្តសាស្ត្រអស់រយៈពេល៣០កន្លងមកហើយ។
នៅឆ្នាំ២០២២នេះ ក្រៅពីវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ក៏មានបុគ្គលចំនួន៣រូបផ្សេងទៀត មកពីប្រទេសជប៉ុន ហ្វីលីពីន និងឥណ្ឌូនេស៊ី បានទទួលពានរង្វាន់ណូបែលអាស៊ីលើកទី៦៤នេះដែរ។
ដោយឡែក សម្រាប់ជនជាតិខ្មែរវិញ លោកវេជ្ជបណ្ឌិតគឺជាបុគ្គលទី៨ហើយ ដែលបានទទួលពានរង្វាន់ណូបែលអាស៊ីនេះ មានជាអាថិ៍ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា, លលក យ៉ង សាំងកុមារ អតីតនាយកប្រតិបត្តិអង្គការសេដាក, លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល, លោក ឯក សុនចាន់ អតីតអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ, លោកស្រី អ៊ុង ច័ន្ទថុល អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ, និងលោកស្រី នួន ផល្លី អតីតនាយកគ្រប់គ្រងអង្គការពន្លឺអនាគត៕