រដ្ឋមន្ត្រីជំរុញអ្នកជំនាញទេសចរណ៍ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យទាន់សង្គម

កម្សាន្ត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកបម្រើការនិងអ្នកជំនាញក្នុងវិស័យទេសចរណ៍ ត្រូវសិក្សារៀនសូត្រឱ្យបានច្រើនអំពីការប្រើប្រាស់បច្ចេកវិទ្យា និងត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការងារប្រចាំថ្ងៃ។ លោកលើកឡើងបែបនេះក៏ព្រោះថាបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់ មួយនៃជីវិតរបស់យើងគ្រប់គ្នា (Part of Life)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ ជំនាញឆុងកាហ្វេ និងភេសជ្ជៈសរុបចំនួន១៧៩នាក់ កាលពីថ្ងៃទី២ ខែកញ្ញាម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ក្នុងបរិការណ៍នៃការរីកចម្រើនបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ឌីជីថលូបនីយកម្មបានក្លាយជាប្រធានបទដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យផ្សេងៗ រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាជួយគាំទ្រនិងសម្រួលដល់សកម្មភាពទេសចរណ៍ ទាំងមុនពេលដំណើរកម្សាន្ត អំឡុងពេលដើរកម្សាន្ត និងក្រោយពេលដំណើរកម្សាន្តទេសចរណ៍។

លោកបន្តថា បច្ចេកវិទ្យា និងនាវានុវត្តបាននិងកំពុងដើរតួនាទីសំខាន់និងសកម្មបំផុតនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ការរស់នៅប្រចាំថ្ងៃ ដោយបានធ្វើឱ្យមានការប្រែប្រួលលើកត្តាផលិតកម្ម កម្លាំងពលកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ពន្ធសេដ្ឋកិច្ចជាតិ។ លើសពីនេះ បច្ចេកវិទ្យាក៏បានជំរុញឱ្យមានការផ្លាស់ប្តូររបៀបរស់នៅ ការប្រាស្រ័យទំនាក់ទំនង និងបានក្លាយជាមូលដ្ឋានក្នុងការទំនាក់ទំនងបំពេញការងារ ការសិក្សារៀនសូត្រ និងការធ្វើអាជីវកម្ម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាព។

លោក ថោង ខុន ថ្លែងយ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវចាប់យកការប្រើប្រាស់បច្ចេកវិទ្យា និងជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថល ដោយសារបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ គឺវាជាផ្នែកមួយនៃជីវិត (Part of Life)»។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញរៀបចំវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ ជាពិសេសវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ដល់មន្រ្តី អ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅតាមគោលដៅទេសចរណ៍៕