ប្រតិភូអង្គទូតជិត ២០ប្រទេសជួបជុំគ្នានៅសៀមរាបស្វែងយល់ពីសក្ដានុពលសេដ្ឋកិច្ច និងវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិភូអង្គទូតជិត២០ប្រទេស ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បំពេញទស្សនកិច្ចសិក្សាលើកទី២ មកកាន់កម្ពុជា ដើម្បីស្វែងយល់ពីសក្ដានុពលការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា។ ជំនួបនេះធ្វើឡើងនៅខេត្តសៀមរាប រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១-៤ ខែកញ្ញា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនាខេត្តសៀមរាប លោក ប្រាក់ ដាវីដ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីទីផ្សារការទូតសេដ្ឋកិច្ចដែលក្រសួងការបរទេសបានដាក់ចេញកាលពីដើមឆ្នាំ២០២១ ដែលហៅថាយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១។

លោកថ្លែងថា យើងក៏ចង់ផ្សព្វផ្សាយអំពីកិច្ចការងារមួយចំនួនដែលយើងសម្រេចបានក្នុងរយៈពេលជាង១ឆ្នាំនេះ បើទោះបីជាមានបញ្ហាកូវីដ-១៩ ក៏ដោយ ក៏យើងបានសម្រេចការងារជាច្រើន ដូច្នេះយើងចង់បង្ហាញអំពីភាពជោគជ័យរបស់កម្ពុជាទៅកាន់អង្គទូតដែលបានចូលរួម។

ក្នុងជំនួបបង្ហាញសក្តានុពលដល់ប្រតិភូអង្គទូតជិត ២០ប្រទេស ក៏មានការចូលរួមពីមន្រ្តីក្រសួងស្ថាប័ននានា ដើម្បីបកស្រាយ និងចែករំលែកអំពីសក្ដានុពលក្នុងការធ្វើពាណិជ្ជកម្ម ក៏ដូចជាវិនិយោគនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះក៏បានបង្ហាញពីសក្ដានុពលខាងផ្នែកវិស័យទេសចរណ៍ដ៏ទាក់ទាញផងដែរ។

យ៉ាងណា ជុំវិញដំណើរទស្សនកិច្ចលើកទី២ នេះមានការចាប់អារម្មណ៍ជាច្រើនពីបណ្ដាអង្គទូតនានា។ នៅក្នុងនោះក៏មានការចាប់អារម្មណ៍អំពីជំនួបធុរកិច្ចរវាងប្រទេសនានា ហើយបណ្ដាអង្គទូតនានាចង់បង្កើតឱកាសដើម្បីធ្វើជំនួបនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀងផងដែរ៕