ត្រឹម ៧ ខែដំបូងឆ្នាំនេះ ថៃ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដល់ជាង ២ ពាន់លានដុល្លារ

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃសុក្រថា ការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងដល់ ២,០១ ពាន់លានដុល្លារ នៅចន្លោះខែមករា ដល់ខែកក្កដា ដែលជាចំនួនកើនឡើង ៦៥% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក Anucha Barapachaisri បាននិយាយថា ៖ ” វិនិយោគិនបរទេស នៅតែបន្តធ្វើការវិនិយោគ នៅក្នុងប្រទេសថៃ ដោយបង្ហាញពីទំនុកចិត្តរបស់ពួកគេ ចំពោះសក្កានុពលរបស់ប្រទេសយើង ” ។

មិនតែប៉ុណ្ណោះ លោក Anucha បានបន្ថែមទៀតថា ប្រទេសជប៉ុន គឺជាអ្នកវិនិយោគធំជាងគេ នៅក្នុងប្រទេសថៃ និងតាមពីក្រោយដោយប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក និងហុងកុង ។

ជាងនេះទៅទៀត លោកបន្ថែមថា ក្នុងចំណោមការវិនិយោគសរុប មានជាង ៦១៤,៦ លានដុល្លារ គឺជាការវិនិយោគ នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដែលគ្រប់ដណ្តប់លើខេត្តចំនួនបី នៅភាគខាងកើតនៃទីក្រុងបាងកក ។

បញ្ជាក់ផងដែរថា EEC គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការជំរុញកំណើន និងលើកទឹកចិត្តដល់ការវិនិយោគ ជាពិសេសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ខណ:រដ្ឋាភិបាល​មាន​គោលដៅ​វិនិយោគទឹកប្រាក់ ៦២ ​ពាន់​លាន​ដុល្លារ​បន្ថែម ចាប់ពីឆ្នាំ ​២០២៣ ដល់​ឆ្នាំ​២០២៧ ៕