កម្ពុជា-ថៃ ឯកភាពរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការស្ដារទេសចរណ៍ឡើងវិញ

កម្សាន្ត

ដើម្បីចូលរួមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្ដារនិងលើកស្ទួយទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ ក៏ដូចជាជំរុញទាក់ទាញចលនាភ្ញៀវទេសចរឡើងវិញនោះ ភាគីកម្ពុជា-ថៃ សម្រេចឯកភាពគ្នាជាលក្ខណៈទ្រង់ទ្រាយធំលើផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការជាច្រើនចំណុច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឯកភាពចំពោះផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការនាពេលនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-ថៃ លើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការទេ្វភាគីទេសចរណ៍កម្ពុជា-ថៃ នៅខេត្តកោះកុង នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។

ផែនការសកម្មភាពដែលភាគីទាំងពីរបានគូសរំលេចនូវការគាំទ្រគ្នាទៅវិញទៅមកលើទិសដៅអនាគត មានជាអាថ៌៖
ក្នុងដំណាក់កាលនៃការស្ដារវិស័យទេសចរណ៍ពីវិបត្តិនឹងជំរុញរៀបចំនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ ហើយលើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់នៅគ្រប់គោលដៅទេសចរណ៍ និងបន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខភាព ទេសចរណ៍ពុទ្ធសាសនា ទេសចរណ៍តាមនាវាសមុទ្រជាដើម។

ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានបង្ហាញឆន្ទៈរួមគ្នាធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើតនិងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម នឹងរៀបចំឱ្យមាននាវាកម្សាន្តតាមសមុទ្រ ដែលរួមបញ្ចូលកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតផងដែរ។

បន្ថែមពីលើនេះភាគីថៃបានគាំទ្រឱ្យមានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍បន្ថែមដល់អ្នកបម្រើការងារកម្ពុជាដែលកំពុងបម្រើសេវាកម្មទេសចរណ៍ និងបដិសណ្ឋាកិច្ចក្នុងប្រទេសថៃ ដោយរដ្ឋាភិបាលថៃនឹងដាក់ចុះកញ្ចប់ថវិកាបណ្ដុះបណ្ដាលនេះ។

សូមបញ្ជាក់ដែរថា ភាគីទាំងពីរកម្ពុជា-ថៃក៏នឹងជួបពិភាក្សាបន្តទៀតនាឱកាសកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ាននៅខេត្តសៀមរាបក្នុងសប្ដាហ៍ខាងមុខ ក៏ដូចជាកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រីអេកម៉ិក ដែលគ្រោងធ្វើឡើងនាថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប៕