អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្វាយរថយន្តស៊េរីទំនើបដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
យានជំនិះដែលអ្នកឧកញ៉ា ម៉ម វណ្ណឌី ថ្វាយជារថយន្តស៊េរីទំនើបម៉ាក Mazda BT-50 Thunder 2022 ១គ្រឿង នាព្រឹកថ្ងៃអាទិត្យទី៤ ខែកញ្ញានេះ ស្របពេលជាថ្ងៃទិវាបុណ្យកតញ្ញូ ថ្វាយសម្ដេចព្រះមហាសង្ឃរាជាធិបតី បួរ គ្រី ព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ ស្ថិតនៅវត្តបទុមវតី។
សូមជម្រាបថា ក្រៅពីប្រគេនយានជំនះជារថយន្ត អ្នកឧកញ៉ាវ័យក្មេង ម៉ម វណ្ណឌី ក៏ជាសប្បុរសជនមួយរូបតែងតែចេញមុខឧបត្ថម្ភថវិកា និងទេយ្យទានផ្សេងៗ ពិសេសនោះ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធសាសនា និងសង្គមជាច្រើនកន្លែងរួចមកហើយ។
តាមរយៈសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា កាលពីឆ្នាំ២០២១កន្លងទៅ សម្តេចព្រះអភិសិរីសុគន្ធាធិបតី មហាសង្ឃរាជ បួរ គ្រី ត្រាស់បញ្ញត្តិតែងតាំងអ្នកឧកញ៉ាជាអនាថបិណ្ឌិកសេដ្ឋីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។ ចំណែកឯឧត្តមភរិយារបស់អ្នកឧកញ៉ា លោកជំទាវ ទៀង ផល្លា ម៉ម វណ្ណឌី ជាឧប្បលវណ្ណាសាវិកាផលាអគ្គមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ដើម្បីជាសក្ខីភាពក្នុងការលះបង់កម្លាំងកាយចិត្ត និងថវិកាសម្រាប់ទទ្រង់ពុទ្ធសាសនានៅកម្ពុជា៕