ទ្រី ដាណា ការធ្វើ​បទ​”ព្រោះ​តែអូន” ជា​ថ្មី គ្រាន់​តែ​ការ​កម្សាន្ត​​គ្មាន​បំណង​​រក​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន​​​ឡើយ

កម្សាន្ត

អ្មកស្រី ទ្រី ដាណា ម្ចាស់គ្រឿងសម្អាងNNP បាននិយាយថា អ្នកស្រីផលិត​បទ​​ចម្រៀង ”ព្រោះ​តែអូនជាថ្មី គឺធ្វើ​ដោយ​ទឹក​ចិត្តស្រលាញ់ ដោយ​គ្មាន​បំណង​រក​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន​​នេះ​។ ការលើក​ឡើង​ដូច្នេះ ខណៈ​មានព័ត៍មាន​រិះគន់ថា តារា​ចម្រៀង​ខ្មែរមួយ​ចំនួន បាន​យក​បទ​ចម្រៀង​ពីដើមៗ មក​ធ្វើឡើង​វិញ​ដើម្បីប្រយោជន៍​ផ្ទាល់​ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទចម្រៀង ព្រោះតែអូន ជាសំនៀងដើម​របស់អធិរាជ​សម្លេង​មាស ស៊ិន ស៊ីសាមុត ត្រូវបាន​អ្នក​ស្រី ទ្រី ដាណា ដែល​គេស្គាល់​ថាជាម្ចាស់​ហាង​ពេជ្រ និង​ម្ចាស់ប្រេន​ផលិតផល​គ្រឿង​សំអាង NNP បានយក​មក​ច្រៀង​តាម ដើម្បីជា​ការ​កម្សាន្ត និង​ចង់​គាស់កកាយបទ​ចម្រៀង​ចាស់ៗ ពីជំនាន់​មុន​ដែល​កប់​បាត់​ចោល អោយ​យុវជន​ជំនាន់​ក្រោយ​បាន​ស្ដាប់​ដើម្បី​នឹក​រលឹក​ដល់​ម្ចាស់សំនៀង​ដើមគឺ អធិរាជ​សម្លេងមាស ស៊ិន ស៊ីសាមុត គឺទទួល​បាន​ការគាំទ្រ​ខ្លាំង​ពីប្រិយមិត្ត​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក និង​យូធូប។

បើគិតត្រឹមរយៈពេលជាង១​ខែ​ប៉ុណ្ណោះ​បទចម្រៀង ព្រោះតែអូន ដែល​អ្នក​ស្រី ទ្រី ដាណា បាន​យក​មក​ច្រៀង​កម្សាន្ត​នោះ​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​និង​មានអ្នក​ចូល​ទស្សនា​ក្នុង​បណ្ដាញ YouTube ចំនួន 6M គឺប្រមាណ៦​លាន​នាក់​ហើយ​មក​ដល់​ពេលនេះ។

អ្នកស្រី ទ្រី ដាណា បានអោយ​ដឹងថា ការយក​បទ​លោកតា ស៊ិន ស៊ីសាមុត មកច្រៀងនេះ​គឺដោយសារ​តែចិត្ត​ស្រលាញ់ និង​ចង់ច្រៀង​បទ​ចម្រៀង​នេះ​តែម្ដង ដោយនឹក​ឃើញថា បទ​ចម្រៀង​មរតក​ដើម​ជាច្រើន បាន​បាត់បង់​កប់​ចោល មិនសូវ​មាន​អ្នកស្ដាប់​ច្រើន​ទេ បើនិយាយ​ទៅគឺមាន​តែមនុស្សវ័យ​ចំណាស់ៗ​ប៉ុណ្ណោះ​ដែល​ស្ដាប់​បទ​ចម្រៀង​មរតក​ដើម​ពីមុន ចំណែក​យុវជន យុវតី ជំនាន់​ក្រោយៗ​នេះ គឺចូល​ចិត្ត​តែបទ​បែប​បែក​ស្លុយ ហើយ​បើនិយាយ​ដល់​បណ្ដាញ​ផ្សាព្វផ្សាយ​វិញ គឺភាគ​តិចណាស់​ដែល​បាន​ចាក់ចម្រៀង​មរតកដើម​ពីមុនៗ​ផ្សព្វផ្សាយ ដូច្នេះ​ហើយ​លោកស្រី​ក៏បាន​ចំណាយ​នូវថវិកា​ផ្ទាល់​ខ្លួន​ជាច្រើន ថត​ចម្រៀង​និងផលិត​វិដេអូរ​ចម្រៀង​នេះ ក្នុង​គោល​បំណង អោយ​យុវជន យុវតី ជំនាន់​ក្រោយ ងាកមក​ចាប់​អារម្មណ៍​និង​ស្វែង​យល់​ថា បទ​ចម្រៀងដែល​អ្នកស្រី​កំពុង​ច្រៀង​នេះ​គឺជាសំនៀង​ដើម​របស់​អធិរាជ​សម្លេង​មាស​លោក​តា ស៊ុន ស៊ីសាមុន។

អ្នកស្រីក៏បានបញ្ជាក់ថា ការច្រៀងចម្រៀងរបស់​អ្នកស្រី​នា​ពេល​បច្ចុប្បន្ន​នេះ គឺគ្មាន​បំណង​យក​ទៅធ្វើ​អាជីវកម្ម​ដើម្បី​ផលប្រយោជន៍​ណាមួយ​ឬក៏រក​លុយ​ពី YouTube បានមួយ​កាក់មួយ​សេន​នោះ​ទេ ការច្រៀង​នេះ​គឺចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​អស់​ជាច្រើន គឺដើម្បីជា​ការ​កម្សាន្ត​សប្បាយ បន្ធូរ​អារម្មណ៍​កុំអោយ​តាន​តឹង​និង​ការងារ​អាជីវកម្ម​របស់​អ្នកស្រី​តែ​ប៉ុណ្ណោះ ហើយ​ក៏ច​ង់​ផ្ញើចម្រៀង​ដែល​ជាសំនៀង​របស់​លោក​ស្រី​ទៅកាន់​ស្ត្រីប្រមាណ​៧ម៉ឺន​នាក់​ដែល​ជាតំណាង​ចែក​ចាយ​ផលិត​ផល​គ្រឿង​សំអាង NNP ទូទាំង​ប្រទេស​ស្ដាប់​កម្សាន្ត​ប៉ុណ្ណោះ។

អ្នកស្រី ទ្រី ដាណា ក៏បានថ្លែងអំណរគុណ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ដែល​តែង​តែ​ស្រលាញ់​ចូល​ចិត្ត​អ្នក​ស្រី និង​គាំទ្រ​ការ​ច្រៀងចម្រៀង​របស់​អ្នកស្រីនា​ពេល​កន្លងម​ក​នេះ ព្រម​ជាមួយ​និង​ពាក្យ​សរសើរ​ជាច្រើន​ថាអ្នក​ស្រី​គឺជាស្ត្រី​មាន​សមត្ថភាព​ដ៏​អស្ចារ្យ រក​ស៊ី​ក៏ពូកែ ច្រៀង​ក៏ពិរោះ​ថែម​ទៀត ថ្វីត្បិត​លោកស្រី​មិន​មែន​ជាអ្នក​សិល្បៈ ហើយ​អ្នកស្រី​ក៏ពុំមាន​បំណង​ចង់ក្លាយ​ជាអ្នក​សិល្បៈ​អ្វីនោះ​ដែរ ដោយ​សារអ្នក​ស្រី​មាន​ជំនួញច្រើន​នៅក្នុង​ដៃនា​ពេល​បច្ចុប្បន្ន​នេះ ព្រមទាំង​មាន​ស្ត្រីជា​ច្រើន​ម៉ឺន​នាក់​ដែល​កំពុង​ពឹងផ្អែក​លើ​លោកស្រី​ទាំងស្រុង​ក្នុង​អាជីវកម្ម​គ្រឿង​សំអាង NNP។

គួររំលឹកថាអ្នកស្រី ទ្រី ដាណា គឺម្ចាស់ហាង​ពេជ្រ ដាណា និង​ជាម្ចាស់​គ្រឿង​សំអាង​ផលិត​ផល NNP ដ៏ធំដែល​ផ្ដាច់មុខ​ចែក​ចាយក្នុង​ប្រទេស​កម្ពុជា ក្រៅពី​ការច្រៀង​ចម្រៀង​បទ​មរតក​ដើម​ពីមុនៗ អ្នកស្រី​ក៏បាន​ច្រៀង​ចម្រៀង​ដែល​អ្នក​ស្រី​អោយ​គេ​ផលិតផ្ទាល់​តែម្ដង​សំរាប់​អ្នកស្រី​ដើម្បី​ច្រៀង​កម្សាន្តមាន​ទាំង​បទ​មនោសញ្ចេតនា បទញាក់​កន្ត្រាក់​អារម្មណ៍ និង​បទ​ប្រពៃណី​ផង​ដែរ មាន​ដូចជា​បទ​ទឹក​ភ្នែក​សំរាម បទហាង​ឆេង​មេម៉ាយ បទ​យល់​ច្រលំ និង​បទ​រាំផ្លាស់​ឆ្នាំ​ចាស់ ជាដើម​សុទ្ធតែ​ជាបទ​ចម្រៀង​ផលិតថ្មី​ទាំង​អស់ អ្នកក៏​បាន​ត្រៀមច​ម្រៀង​ជាបន្ត​បន្ទាប់​ទៀត​ក្នុងឆ្នាំ​២០២០​ខាងមុខ​ចំនួន ៥០​បទដើម្បី​បំរើអារម្មណ៍​បងប្អូន​ទាំងអស់​ដែល​តែងតែ​ស្រលាញ់​និង​គាំទ្រ​អ្នក​ស្រីផង៕