ជារឿយៗ មហាសេដ្ឋីលុយរាប់សិបពាន់លានដុល្លារនៅអាមេរិកជាច្រើនធ្លាប់ប្រកាសថា មិនយកប្រាក់ខែពីក្រុមហ៊ុនឡើយ ដើម្បីជួយទប់ទល់ការចំណាយរបស់ក្រុមហ៊ុន ហើយក្នុងនោះមានដូចជា Mark Zuckerberg និងមេធំ Michael Bloomberg ជាដើម។
យ៉ាងណា ការសម្រេចចិត្តដ៏អស្ចារ្យមួយនេះមិនមែនមានតែនៅអាមេរិកឡើយ ពោលសូម្បីតែប្រទេសជិតខាងយើង គឺក្រុមមហាសេដ្ឋីវៀតណាមក៏ប្រកាសមិនយកប្រាក់ខែពីក្រុមហ៊ុនផងដែរ សម្រាប់រយៈកាលចុងក្រោយ បន្ទាប់ពីសេដ្ឋកិច្ចពិភពលោកហាក់មានសភាពមិនប្រក្រតី។
យោងតាមការចុះផ្សាយពី VNExpress បានឲ្យដឹងថា ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong និងសមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនទៀតបដិសេធមិនទទួលប្រាក់ខែ ខណៈមហាសេដ្ឋីមានបំផុតនៅវៀតណាមរូបនេះមិនយកប្រាក់ខែតាំងពីឆ្នាំ ២០២១ មកម៉្លេះ។
ក្រៅពីស្ដេចត្រាញ់ខាងលើនៅមានបុគ្គលមានៗលំដាប់ប្រទេសជាច្រើនទៀតដូចជា ប្រធានក្រុមហ៊ុនដែកថែប Hoa Phat Group លោក Tran Dinh Long ប្រធានក្រុមហ៊ុន Masan Group លោក Nguyen Dang Quang ក៏សុទ្ធតែមិនទទួលបានប្រាក់ខែពីក្រុមហ៊ុនរៀងៗខ្លួនផងដែរ។
ថ្វីបើមហាសេដ្ឋីទាំងនេះបដិសេធមិនព្រមទទួលប្រាក់ខែពីក្រុមហ៊ុនក៏ពិតមែន ប៉ុន្តែសម្រាប់ប្រាក់លើកទឹកចិត្ត និងប្រាក់ឧបត្ថម្ភផ្សេងៗនៅតែទទួលបាន ខណៈប្រាក់ខែពីក្រុមហ៊ុនគ្រាន់តែជាប្រភពចំណូលតូចតាចរបស់ក្រុមអ្នកមានលំដាប់ពិភពលោកតែប៉ុណ្ណោះ៕