ទោះបីជាសេដ្ឋកិច្ចនៅក្នុងប្រទេសជិតខាងមានកំណើនយឺត រួមជាការបិទខ្ទប់នៅក្នុងប្រទេសចិនក៏ដោយ តែពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេសថៃ នៅតែត្រូវបានគេរំពឹងថា អាចនឹងកើនឡើងយ៉ាងហោចណាស់ ៥% នៅឆ្នាំនេះ ដល់ចំនួន ១,៨០ ទ្រីលានបាត ឬប្រហែល ៥០ ពាន់លាន់ដុល្លារ តាមរយ:ការជំរុញដោយតម្រូវការកាន់តែច្រើន សម្រាប់ទំនិញសំខាន់ៗដូចជា ប្រេងសាំង ប្រេងឆា សំបកកង់ និងគ្រឿងបន្លាស់រថយន្ត ។
ជាក់ស្តែង នេះបើយោងតាមការលើកឡើងរបស់ លោក Pitak Udomwichaiwat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស ដែលបានបង្ហាញសុទិដ្ឋិនិយមថា វិស័យពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ កំពុងទទួលបានផលវិជ្ជមាន បន្ទាប់ពីមានកិច្ចប្រជុំរួមគ្នានាពេលថ្មីៗនេះ ជាមួយអ្នកតំណាងសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃ និងឯកអគ្គរដ្ឋទូតពាណិជ្ជកម្មប្រចាំកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសចិន សម្រាប់ការវាយតម្លៃលើស្ថានភាពពាណិជ្ជកម្មតាមព្រំដែន នៅក្នុងឆមាសទីពីរឆ្នាំនេះ ។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ នាយកដ្ឋានខាងលើ បានរាយការណ៍ថា ក្នុងរយ:ពេល ៧ ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែនរបស់ថៃ បានកើនឡើងដល់ ១ ទ្រីលានបាត ពោលគឺបានកើនឡើង ២,៩៨% ពីឆ្នាំមុន ។ នៅក្នុងនោះដែរ ការនាំចេញបានរួមចំណែក ៥៩៥ ពាន់លានបាត កើនឡើង ០,៦១% ខណ:ការនាំចូលមានតម្លៃ ៤០៥ ពាន់លានបាត កើនឡើង ៦,៦៥% ។
លើសពីនេះ លោក Pitak បាននិយាយថា ការនាំចេញទៅកាន់ប្រទេសជិតខាង បានកើនឡើងក្នុងខែកក្កដា ដោយក្នុងនោះ ការនាំចេញទៅម៉ាឡេស៊ីកើនឡើង ២៣,៣% , កម្ពុជាកើនឡើង ១៦,៦% , មីយ៉ាន់ម៉ាកើនឡើង ៥១,៣% និងឡាវកើនឡើង ២៦,៩%។
បញ្ជាក់ផងដែរថា ផលិតផលសំខាន់ៗដែលថៃបាននាំចេញទៅនោះមានដូចជា ប្រេងម៉ាស៊ូត មាសមិនទាន់កែច្នៃ និងស្ករ ទៅកាន់ប្រទេសឡាវ ខណ:នាំចេញប្រេងដូង ប្រេងម៉ាស៊ូត ទៅប្រទេសមីយ៉ាន់ម៉ា។ សំបកកង់រថយន្ត និងគ្រឿងបន្លាស់រថយន្តទៅកាន់ប្រទេសម៉ាឡេស៊ី និងរ៉ែ ប្រេងឥន្ធន: រថយន្ត រួមទាំងគ្រឿងបន្លាស់រថយន្តមកកាន់ប្រទេសកម្ពុជា ៕