Starbucks រកបានអ្នកស្នងតំណែង CEO បន្តពីមហាសេដ្ឋី Howard Schultz

អន្តរជាតិ

អស់ពេលជាច្រើន​ឆ្នាំ​ដែល​លោក Howard Schultz ធ្លាប់បាន​កាន់តំណែង​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Starbucks ហើយ​តាំងពី​បើក​ទំព័រ​ឆ្នាំ ២០២២ មក មហាសេដ្ឋី​ម្នាក់​នេះ​បាន​កាន់តំណែង​ជា CEO បណ្ដោះ​អាសន្ន​ប្រចាំ​ហាងកាហ្វេ​លំដាប់​ពិភពលោក​នេះ​ទៀត​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា កាលពី​ពេលថ្មីៗនេះ Starbucks បាន​ទម្លាយ​ថា ពួកគេ​នឹង​ជួយ​សម្រាល​ការងារ​របស់​មហាសេដ្ឋី​អាមេរិកាំង​ខាងលើ ដោយ​រក​បាន​អ្នកស្នងតំណែង​បន្ទាប់​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន​គឺ​លោក Laxman Narasimhan ជនជាតិ​ឥណ្ឌា​កាត់​អាមេរិកាំង។

បុរស​ដែល​នឹង​មក​គ្រង​តំណែង​ជាន់ខ្ពស់​នៅ Starbucks ក៏​ធ្លាប់​ជា CEO នៃ​ក្រុមហ៊ុន​ដទៃ​ផង​ដែរ ប៉ុន្តែ​រកស៊ី​លើ​វិស័យ​ខុសគ្នា ពោល​ធ្លាប់​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Reckitt ដែល​រកស៊ី​លើ​វិស័យ​សុខាភិបាល។

ដោយឡែក​សម្រាប់​ការ​ចូល​មក​ធ្វើការ​នៅ​ Starbucks វិញ បុរស​កូនកាត់​ខាងលើ​នឹង​ត្រូវ​មក​សិក្សា​ការងារ​បន្ថែម​ជា​មុន​សិន ពោល​នឹង​មកចូលរួម​ការងារ​នៅ Starbucks ក្នុង​ខែតុលា​ដើម្បី​សិក្សា​ពី​ផែនការ​របស់​ក្រុមហ៊ុន មុន​ចូល​កាន់តំណែង​ធំ​នៅ​ខែមេសា។

ដូច្នេះ​មាន​ន័យថា លោក Howard នឹង​នៅ​បន្ត​ជា​ CEO បណ្ដោះ​អាសន្ន​ រហូត​ដល់​លោក Narasimhan អាច​ចូល​មក​កាន់តំណែង​មួយ​នេះ​នៅ​ខែមេសា ខណៈ​មហាសេដ្ឋី​អាមេរិកាំង​នឹង​នៅ​បន្តជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ប្រចាំ​ក្រុមហ៊ុន បើ​ទោះ​ជា​តំណែង​ជា​ CEO នឹង​ត្រូវ​ប្រគល់​ជូន​បុគ្គលិក​ថ្មី​ក៏​ដោយ៕