លោកឧកញ៉ាបណ្ឌិត ជា រតនា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវឧកញ៉ា លី ហៀករតនា នាថ្ងៃទី០៥ កញ្ញា ឆ្នាំ២០២២នេះ បានបន្តនាំយករថយន្តសង្គ្រោះបន្ទាន់ គ្រឿងទី៥១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ខេត្តកំពង់ស្ពឺ ដើម្បីទុកបម្រើសេវាសុខភាពសាធារណៈជូនពលរដ្ឋមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។
ពិធីប្រគល់ និងទទួលរថយន្តនេះ ធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងវត្តមានរបស់នាយនាវី នាយនាវីរង ពលនាវី នាបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹកផងដែរ។
នៅក្នុងពិធីសំណេះសំណាល និងទទួលរថយន្តសង្គ្រោះរបស់សម្ដេចទាំងទ្វេ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនដោយបានឧបត្ថម្ភទាំងស្មារតី សម្ភារថវិកា ដើម្បីជួយដល់ការលើកកម្ពស់ការគាំពារសុខមាលភាពកងទ័ព និងប្រជាជននៅទូរទាំងប្រទេសឱ្យកាន់តែទទួលបានសេវាគាំពារសុខមាលភាពកាន់តែប្រសើរ។
ក្នុងកម្មវិធីប្រគល់រថយន្តសប្បុរសធម៌ លេខរៀងទី៥១ នោះដែរ លោកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានមានប្រសាសន៍ថា រថយន្តសង្គ្រោះនេះជាការរួមចំណែកដ៏សំខាន់បន្ថែមទៀត ក្នុងការជួយដោះស្រាយតម្រូវការរបស់កងទ័ព ហើយក៏ជួយបម្រើកិច្ចការសង្គ្រោះប្រជាពលរដ្ឋទូទៅ ជាពិសេស អាចប្រើប្រាស់គ្រប់សកម្មភាព ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ និងសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយផ្សេងៗជាដើម។
បន្ថែមពីនេះ លោកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានសង្កត់ធ្ងន់ថា ការចូលរួមចំណែកជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈការឧបត្ថម្ភរថយន្តពេទ្យសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ ក្នុងការធ្វើសកម្មភាពមនុស្សធម៌នេះ គឺជាការបែងចែកផ្លែផ្កាពីការធ្វើអាជីវកម្មរបស់លោកឧកញ៉ា និងគ្រួសារ ក្នុងការជួយដល់សង្គមជាតិ ហើយលោកឧកញ៉ាបណ្ឌិត នឹងបន្តចូលរួមជាមួយរដ្ឋភិបាលជាបន្តបន្ទាប់ថែមទៀត៕