លោក ជា ពិសី អភិបាលខណ្ឌទួលគោក ទទួលសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា ទៅលើឯកទេស «នីតិរដ្ឋបាល» ពីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ធ និងជាមេញ្ជាការកងទ័ពជើងកោគ។
លោក ជា ពិសី អតីតអភិបាលរងខណ្ឌឫស្សីកែវ និងក្រោយមកទទួលបានការតែងតាំងជាអភិបាលខណ្ឌឫស្សីកែវ កាលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦។ លោកត្រូវបានសម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ផ្ទេរមកកាន់តំណែងជាអភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
លោក ជា ពិសី បានទទួលងារ “ឯកឧត្តម” បន្ទាប់ពីប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ តែងតាំងរូបលោកក្នុងចំណោមសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ហៅកាត់ថា ក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី មានឋានៈស្មើ «អគ្គនាយក» កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
គួររម្លឹកថា ថ្មីៗនេះ លោក ជា ពិសី ក៏បានបញ្ជូនកូនស្រីទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ផងដែរ៕