នៅព្រឹកថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ «កីឡដ្ឋានខេត្តកំពង់ស្ពឺ» ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ឡើងលើផ្ទៃដីប្រមាណ ៤ហិកតា តាមលក្ខណៈបច្ចេកទេសស្តង់ដារអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងមានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងណាហ្គាវើលបេះដូងសប្បុរស រួមទាំងពីសំណាក់សប្បុរសជននានាដទៃទៀត ដែលមានតម្លៃប្រមាណ ២លានដុល្លារសហរដ្ឋអាមេរិក។
លោក ហ៊ុន ម៉ានី ធ្លាប់បានលើកឡើង កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅថា ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ បានតំឡើងបង្គោលភ្លើង ជាមួយនឹងសកម្មភាពសាងសង់ផ្សេងទៀត ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។ លោកបានបញ្ជាក់ថា៖ “កីឡដ្ឋានខេត្តកំពង់ស្ពឺ គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសជាការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣”។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋជាពិសេសក្មួយៗ ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់បានត្រៀមខ្លួន ដើម្បីទទួលយកសមទ្ធិផលថ្មីមួយនេះ និងជួយលើកស្ទួយវិស័យកីឡារបស់យើង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕