ក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ «កីឡដ្ឋានខេត្តកំពង់ស្ពឺ» ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកមិញនេះ គេឃើញមានវត្តមានឧកញ៉ាល្បីឈ្មោះចំនួន ០២រូប ក៏បានចូលរួមផងដែរគឺ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុននំស្រួយ លី លី។
ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី០៦ ខែកញ្ញានេះថា៖ “ថ្ងៃនេះចូលរួមកម្មវិធីសម្ពោធដាក់ឱ្យដំណើរការ ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី និង នគរូបនីយកម្ម”។
ចំណែកឯ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅថ្ងៃនេះដូចគ្នាថា៖ “វេលាម៉ោង៧ព្រឹក នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ មកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កីឡដ្ឋានខេត្តកំពង់ស្ពឺ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ មានតម្លៃ ២លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានសាងសង់ឡើងលើផ្ទៃដីប្រមាណ ៤ហិកតា តាមលក្ខណៈបច្ចេកទេសស្តង់ដារអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងមានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងណាហ្គាវើលបេះដូងសប្បុរស រួមទាំងពីសំណាក់សប្បុរសជននានាដទៃទៀតផងដែរ៕