ធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្តើមបោះផ្សាយ និងធ្វើការដេញថ្លៃមូលបត្ររដ្ឋ លើកទី១ ក្នុងទំហំទឹកប្រាក់១០០ពាន់លានរៀល (ជាង២៤លានដុល្លារអាមេរិក) នៅថ្ងៃទី០៧ ខែកញ្ញានេះ ដើម្បីកៀរគរប្រភពទុនវិនិយោគក្នុងស្រុក សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា មូលបត្ររដ្ឋនេះ នឹងដាក់ដេញថ្លៃតាមរយៈផ្លែតហ្វមរបស់ធនាគារជាតិនៃកម្ពុជា(NBCP) ចាប់ពីម៉ោង ៨ព្រឹក ដល់២រសៀល។ មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុលនេះ មានតម្លៃចារឹត(Face Value) ចំនួន ១លានរៀល (ស្មើនឹង ២៥០ដុល្លារ) ក្នុងមួយបណ្ណ។
សម្រាប់ វិនិយោគិន ដែលទិញមូលបត្រនេះ នឹងទទួលបានអត្រាការប្រាក់ ២ភាគរយថេរក្នុងមួយឆ្នាំ ដោយរដ្ឋនឹងទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។ ទំហំបណ្ណបំណុលដែលត្រូវបោះលក់នៅថ្ងៃទី៧ ខែកញ្ញា នេះ គឺជាការចាប់ផ្តើមជំហានដំបូងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការបោះលក់មូលបត្ររដ្ឋជាប្រវត្តិសាស្ត្រ ក្នុងទំហំទឹកប្រាក់ ១ ២១៩ ពាន់លានរៀល (ប្រមាណ៣០០លានដុល្លារអាម៉េរិក) ឆ្នាំ២០២២។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរបោះលក់មូលបត្ររដ្ឋជាលើកដំបូង នៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារអាមេរិក មានគោលដៅពង្រឹងការគ្រប់គ្រង តម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។
មូលបត្រដែលនឹងត្រូវបោះផ្សាយនេះ មានបីប្រភេទ គឺប្រភេទឥណប្រតិទាន១ឆ្នាំ ដោយបោះផ្សាយចំនួន២ដង, ប្រភេទប្រភេទឥណប្រតិទាន ៣ឆ្នាំ ដោយបោះផ្សាយចំនួន៤ដង និងប្រភេទប្រភេទឥណប្រតិទាន៥ឆ្នាំ ដោយបោះផ្សាយចំនួន២ដង៕ អត្ថបទ៖ រង្សី