ហាង សេវេន អ៉ីឡេវេន 7-Eleven Cambodia បើកនៅកម្ពុជា ១ឆ្នាំហើយជាមួយនឹងការពង្រីកសាខា ៧ ខេត្ត/ក្រុង ដែលស្ថិតនៅទីតាំងក្នុងទីប្រជុំជន និងនៅក្នុងស្ថានីយប្រេងឥន្ធនៈ។ ក្នុងនោះ ៧ខេត្តក្រុងទូទាំងប្រទេសរួមមាន៖ រាជធានីភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តព្រះសីហនុ ដែលជាខេត្តទើបតែមានសាខាបើកថ្មីក្នុងខែសីហាកន្លងទៅនេះ។
ស៊ីភី អល (ខេមបូឌា) ឯ.ក ដែលជាបុត្រសម្ព័ន្ធមិនផ្ទាល់នៃក្រុមហ៊ុន ស៊ីភី អល ចំកាត់ បានទទួលសិទ្ធិក្នុងការរៀបចំ និងដំណើរការហាង សេវេន អ៉ីឡេវេន ក្នុងប្រទេសកម្ពុជា រយៈពេល ៣០ឆ្នាំ ព្រមទាំងអាចពន្យារកិច្ចសន្យាបាន ២ លើកបន្ថែមទៀត ក្នុងមួយលើក ២០ឆ្នាំ ដែលចាប់ផ្ដើមបើកសាខាដំបូងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
លោក ឆៃរ៉ូត ធិវ៉ាត់ម៉ាន់ចារ៉ឺន នាយកគ្រប់គ្រង អន្តរជាតិ ក្រុមហ៊ុន ស៊ីភី អល ចំកាត់ បានលើកឡើងថា សេវេន អ៉ីឡេវេន នៅបើកឱកាសឱ្យអ្នកធុរកិច្ចក្នុងស្រុក ចូលរួមជាដៃគូរធុរកិច្ច និងអាចផ្ទេរសិទ្ធបន្តដល់សាច់សាលោហិតបានយ៉ាងយូរអង្វែង។
ទន្ទឹមនឹងនេះដែរ សម្រាប់ទិសដៅដំណើរការធុរកិច្ចនៅកម្ពុជា សេវេន អ៉ីឡេវេន នៅតែបន្តប្រកាន់ខ្ជាប់តម្លៃដែលផ្តល់ ៣ អត្ថប្រយោជន៍ គឺការបង្កើតប្រយោជន៍ដល់ប្រទេសជាតិ ប្រជាជន និងអង្គភាព៕