ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានអះអាងថា តម្រូវការទីផ្សារខុនដូតម្លៃសមរម្យក្នុងក្រុងភ្នំពេញ កំពុងមានកំណើនគួរឲ្យកត់សម្គាល់ ពិសេសតម្រូវការលំនៅដ្ឋានរបស់អតិថិជនខ្មែរ ស្របពេលទីក្រុងកំពុងមានការរីកចម្រើន និងការវិវត្តន៍រីកធំឡើងៗនាប៉ុន្មានឆ្នាំក្រោយនេះ។ នេះជាការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្វើឡើងកាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន សិក្ខាសាលា ស្តីពីការបណ្តុះបណ្តាលភាពជោគជ័យ សម្រាប់៣,៨០០នាក់ដំបូង ក្នុងវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុន Century 21 ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា តម្រូវការទីផ្សារខុនដូតម្លៃសមរម្យក្នុងក្រុងភ្នំពេញ កំពុងតែមានការកើនឡើងសម្រាប់អតិថិជនជនជាតិខ្មែរ ។លោកថា មូលហេតុមួយចំនួន ដែលនាំឲ្យទីផ្សារខុនដូតម្លៃសមរម្យផ្ទុះឡើងនេះ ក៏ដោយសារ បុរីថ្មីៗកាន់តែឆ្ងាយពីក្រុង ហើយមានតម្លៃខ្ពស់ទៅៗ និងការស្ទះចរាចរណ៍ ដោយសារប្រជាជនក្នុងក្រុងមានការកើនឡើង។
ជាងនេះទៀត និន្នាការរបស់អតិថិជន ដែលទិញដីឆ្ងាយពីក្រុង ហើយកំពុងតែជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញ នឹងងាកមកទិញខុនដូតំលៃសមរម្យវិញ ដោយហេតុថាការទិញខុនដូមានភាពងាយស្រួល ក្នុងការបង់ប្រាក់ ដែលអាចឲ្យពួកគាត់យកលុយពីការជួលផ្ទះ រឺលុយពីការបង់រំលោះដី ដែលនៅជាយក្រុង ជំនួសដោយការទិញខុនដូវិញ។
លើសពីនេះទៅទៀត ការទិញខុនដូ គឺជាការទិញផ្ទះរស់នៅតែម្តង អាចឲ្យគាត់មានស្ថេរភាព និងផាសុកភាពសម្រាប់គ្រួសារ ជាពិសេសអាចបំពេញភារកិច្ចក្នុងទីក្រុងភ្នំពេញបានយ៉ាងងាយស្រួល និងចំណេញពេលវេលា ហើយកូនៗអាចមានឱកាសក្នុងការចូលរៀនសាលាល្អៗក្នុងក្រុងភ្នំពេញ ដែលខ្លួនពេញចិត្តទៀតផង។ នេះជាការបញ្ជាក់បន្ថែម ពីលោក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា៕ អត្ថបទ៖ សិរីកា