នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា ត្រូវបានតម្លើងឋានន្ដរស័ក្ដិ និងចូលកាន់តំណែងជា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ជាផ្លូវការ ដែលពិធីចូលកាន់តំណែងនេះ ស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
លោក រ័ត្ន ចាន់ណា មានឋានន្តរស័ក្តិវរសេនីយ៍ឯក (ស័ក្តិ៥) និងជាមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ចេញប្រកាសតែងតាំងជា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដែលត្រូវបានតែងតាំងជាសមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ដ្រយោធា ថ្នាក់អគ្គបញ្ជាការ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
យ៉ាងណាមិញ នៅថ្ងៃពិធីចូលកាន់តំណែងនេះ លោក រ័ត្ន ចាន់ណា ក៏ត្រូវបានទទួលការតម្លើងឋានន្តរស័ក្តិពី វរសេនីយ៍ឯក ទៅថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ផងដែរ។ លោក រ័ត្ន ចាន់ណា ត្រូវបានគេស្គាល់ថា ជាបុគ្គលម្នាក់ឧស្សាហ៍ តស៊ូព្យាយាម តាំងពីជីវិតជាអ្នករត់តាក់ស៊ី រហូតអាចចូលបម្រើការងារជាមន្ត្រីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៧០១ ហើយក្រោយមកទទួលបានការតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ តាំងពីឆ្នាំ២០១៥៕