លើកដំបូងក្នុងប្រវត្តិសាស្ត្រអង់គ្លេស ដែលតំណែងគណៈរដ្ឋមន្ត្រីកំពូលទាំង ៤ មិនមានបុរសស្បែកស

អន្តរជាតិ

លោកស្រី Liz Truss បាន​ក្លាយជា​នាយករដ្ឋមន្ត្រីថ្មី​របស់​អង់គ្លេស និង​ជា​នាយករដ្ឋមន្ត្រីស្រីទី ៣ ប្រចាំ​ប្រវត្តិសាស្ត្រ​ផងដែរ បន្ទាប់​ពី​លោកស្រី​ទទួល​បាន​សម្លេង​គាំទ្រ​ច្រើនជាង​គូប្រជែង Rishi Sunak ច្រើន​សន្ធឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​ការ​ឡើង​កាន់​តំណែង​ថ្មីថ្មោង​នេះ ស្ត្រី​មាន​ឥទ្ធិពល​ខាងលើ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ស្រឡាង​មួយ​ទៀត​សម្រាប់​ចក្រភព​អង់គ្លេស គឺ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​តំណែង​គណៈរដ្ឋមន្ត្រី​កំពូល​ទាំង ៤ របស់​អង់គ្លេស មិនមាន​បុរស​ស្បែក​ស​ជា​អ្នក​គ្រប់គ្រង​។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

ប្រភព​ដដែល​បាន​បន្ថែម​ថា សម្រាប់​តំណែង​កំពូល​បង្អស់​ជា​នាយករដ្ឋមន្ត្រី​គឺ​គ្រប់គ្រង​ដោយ​លោកស្រី Liz Truss ហើយ​លោកស្រី​ក៏​បាន​តែងតែ​លោក Kwasi Kwarteng ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្បែកខ្មៅ​តំបូង​ប្រចាំ​អង់គ្លេស។

ដោយឡែក​តំណែង​បន្ទាប់​ គឺ​លោកស្រី​បាន​ប្រគល់​ជូន James Cleverly ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ស្បែកខ្មៅ​ជា​លើក​ដំបូង​ប្រចាំ​អតីត​សមាជិក EU មួយ​នេះ​ផងដែរ។

សម្រាប់​អ្នកស្នងតំណែង​របស់​លោកស្រី​ Priti Patel ជា​រដ្ឋមន្ត្រីមហាផ្ទៃ គឺ​ជា​អ្នកស្រី​ Suella Braverman ដែល​នឹង​គ្រប់គ្រង​លើ​ផ្នែក​អន្តោប្រវេសន្ត​ និង​ប៉ូលិស។

សូមបញ្ជាក់​ដែរថា អស់រយៈពេល​ជាច្រើន​ទសវត្ស​ដែល​តំណែង​សំខាន់ៗ​ប៉ុន្មាន​ខាងលើ​គឺ​តែងតែ​ជា​ទំនួល​ខុសត្រូវ​របស់​បុរស​ស្បែក​ស សម្រាប់​គណៈរដ្ឋមន្ត្រី​អង់គ្លេស ប៉ុន្តែ​សម្រាប់​សតវត្ស​ទី ២១ នេះ​វិញ ការ​រើសអើង​ពណ៌​សម្បុរ និង​ពូជសាសន៍ លែង​ជា​បញ្ហា​ហើយ អ្វីដែល​សំខាន់​គឺ​សមត្ថភាព និង​ចក្ខុវិស័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​តែប៉ុណ្ណោះ៕