អ្នកឧកញ៉ា គិត ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តាមរយៈបុត្រសម្ព័ន្ធគឺក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក រ៉ូយ៉ាល់ រេលវេ ម.ក កំពុងតែរៀបចំខ្លួនបោះលក់មូលបត្របំណុលតម្លៃ ១០លានដុល្លារ ក្រោយមានការអនុញ្ញាតពីផ្សារមូលបត្រកម្ពុជា នៅថ្ងៃពុធ ទី៧ ខែកញ្ញានេះ។
សេចក្តីប្រកាសព័ត៌មាន របស់ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា «ផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២»។
តាមរយៈការចុះបញ្ជីលក់មូលបត្របំណុលនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ ម.ក ជាក្រុមហ៊ុនទីមួយហើយ ដែលទទួលបានការឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២២នេះ។
គួររម្លឹកបន្តិចថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ និងទទួលបានសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ ជាមួយគ្នានេះ រ៉ូយ៉ាល់ រេលវេ ជាក្រុមហ៊ុនតែមួយគត់ដែលបម្រើសេវាកម្មដឹកជញ្ជូនតាមរថភ្លើងរួមមាន ការដឹកជញ្ជូនទំនិញ និងដំណើររថភ្លើងដឹកអ្នកដំណើរ។
បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត៕