ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ទី៧កញ្ញានេះ ដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពការងារបន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជួន លើរបៀបវារៈជាច្រើន។
នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែកញ្ញានេះ លោក ស៊ុន ចាន់ថុល ក៏បានពិភាក្សាអំពីគម្រោងសិក្សាសេវាដឹកជញ្ជូនសាធារណៈ សំខាន់ៗ រួមមាន៖ គម្រោងរថភ្លើងAGT(ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ ) គម្រោងរថភ្លើងលើអាកាស (Monorail) និងគម្រោងរថភ្លើងក្រោមដី(Subway) ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងគម្រោងសិក្សាលើការធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីប្រែក្លាយឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី ក៏ពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងមានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
សូមជម្រាបថា របាយការណ៍នៃសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គពីរាជធានីភ្នំពេញទៅ តំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចលើការកំណត់ទីតាំង និងទ្រង់ទ្រាយនៃការសាងសង់របស់ស្ពាន។ នេះបើតាមលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី៣មករា នៅចំពោះមុខសម្តេច ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។
ក្រោយទទួលបានរបាយការណ៍សិក្សានៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េពីភាគីកូរ៉េ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គម្រោងសាងសង់ស្ពាននេះ នឹងប្រែក្លាយតំបន់អរិយក្សត្រឱ្យទៅជាទីក្រុងរណប នាពេលខាងមុខ។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅចុងឆ្នាំ២០២២។ ដោយឡែក ពាក់ព័ន្ធនឹងទំហំថវិកាសម្រាប់គម្រោងសាងសង់ស្ពាននេះ អ្នកនាំពាក្យរូបនេះ ពុំទាន់អាចបញ្ជាក់ប្រាប់បានឡើយ ដោយនៅរង់ចាំការសម្រេចរួមជាផ្លូវការ រវាងភាគីកម្ពុជានិងកូរ៉េ៕