កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ ជាប់ជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេពីស្ថាប័ន World Travel Awards គឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture Destination 2022) និងពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Youth Travel Destination 2022)។
គួរជម្រាបថា មុនឈានដល់ការទទួលបានពានរង្វាន់ទាំងពីរនេះ ភ្ញៀវទេសចរប្រមាណ២លាននាក់ជុំវិញពិភពលោក បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។
ពិធីប្រគល់ពានរង្វាន់ទាំងនេះដែរត្រូវបានធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះក្នុងនាមតំណាងរាជរដ្ឋាភិបាល។
សូមជម្រាបថា ក្រៅពីកម្ពុជាក៏មានប្រទេសដទៃទៀតដែលទទួលបានពានរង្វាន់នេះដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និងប្រទេសដទៃទៀតសរុបចំនួន៣៥ប្រទេស៕