ដឹងអត់ថា ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ទើបអាចធ្វើជាអភិបាលរងខេត្តបាន?

សង្គម​ និង​សេដ្ឋកិច្ច

ក្នុង​រយៈពេលពីរបីខែចុងក្រោយនេះ មានការតែងតាំងអភិបាលរងរាជធានី អភិបាលរងខេត្ត ជា​ច្រើន ​ជាពិសេស​បន្ទាប់​ពី​ការ​ធ្វើ​វិសោធនកម្ម​បន្ថែម​ចំនួន​គណៈអភិបាល។ តើ​បុគ្គល​ម្នាក់ ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​បែប​ណា​ខ្លះ ទើប​អាច​ទទួល​បាន​ការ​តែងតាំង​ជា​អភិបាលរង​រាជធានី ឬ​អភិបាលរង​ខេត្ត?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ឃឹម ហ្វីណង់ ទើបទទួលការតែងតាំងជាអភិបាលរងខេត្តសៀមរាប

យោង​តាម​មាត្រា១៤៣ នៃច្បាប់ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ​​បាន​​​ចែង​ថា អភិបាលរង​រាជធានី អភិបាលរង​ខេត្ត ត្រូវ​ជ្រើស​រើស​ពី​ក្នុង​ចំណោម​មន្ត្រី​ទាំង​ពីរ​ភេទ ​ដែល​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ ក្រសួង​មហាផ្ទៃ ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម៖

១. មាន​ឋានន្តរស័ក្តិ ចាប់ពី​វរមន្ត្រី​ឡើង​ទៅ

២. មាន​អាយុ​ចាប់ពី​ ៣៥​ឆ្នាំ​ឡើង គិត​ដល់​ថ្ងៃ​តែងតាំង

៣. មាន​បទពិសោធន៍ការងារ​ផ្នែក​រដ្ឋបាលសាធារណៈ​យ៉ាង​តិច​ចំនួន ៥​ឆ្នាំ ឬ/និង​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា

៤. មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ ក្នុង​រយៈពេល​នៃ​ការ​តែងតាំង

៥. មិន​ធ្លាប់​មាន​ទោស​ឧក្រិដ្ឋ ឬមជ្ឈិម​ណា​មួយ។

លោក ម៉ែន អេង ទើបទទួលការតែងតាំងជាអភិបាលរងខេត្តស្វាយរៀង

អភិបាលរង​រាជធានី អភិបាលរង​ខេត្ត ​​ត្រូវ​តែងតាំង​ដោយ​អនុក្រឹត្យ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ក្នុង​ករណី​ចាំបាច់ អភិបាលរងរាជធានី អភិបាលរង​ខេត្ត ក៏​អាច​ជ្រើស​រើស​ពី​ក្នុង​ចំណោម​មន្ត្រី​​ទាំង​ពីរ​ភេទ ដែល​ស្ថិត​​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ក្រៅ​ពី​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ផង​ដែរ ប៉ុន្តែ​​​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​លើ។

អភិបាល ​អភិបាលរង មាន​អាណត្តិ​ការងារ​មិន​លើស​ពី​៤​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​អាច​ត្រូវ​បាន​តែងតាំង​បាន ៤​ឆ្នាំ​ទៀត ក្នុង​ដែន​សមត្ថកិច្ច​ដដែល សម្រាប់​អាណត្តិ​ទី​២ របស់​ខ្លួន។

សូម​​ជម្រាប​ជូន​ថា ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ២០២២ ​​ព្រះមហាក្សត្រ​បាន​ចេញ​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​​​មាត្រា​មួយ​ចំនួន ​​ដែល​ក្នុង​នោះ​មាត្រា១៤០ ថ្មី បាន​បន្ថែម​ចំនួន​គណៈអភិបាល ដូច​ជា គណៈអភិបាល​រាជធានីភ្នំពេញ មាន​ចំនួន​យ៉ាង​ច្រើន ១១​នាក់, គណៈអភិបាលខេត្ត មាន​ចំនួន​ពី ៧ ទៅ ១១​នាក់ និង​គណៈអភិបាល​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន ៥​ ទៅ ៧​នាក់៕