ប៉េអឹមរាជធានីភ្នំពេញ បានបំបែកសំណុំរឿងឃាតកម្មកាប់សម្លាប់ស្ត្រីម្នាក់យកទ្រព្យសម្បត្តិ រួចកាត់សាកសពជាបំណែកតូចៗ យកទៅបោះចោល។ ក្នុងករណីនេះ ប៉េអឹមបានឃាត់ខ្លួនស្ត្រីម្នាក់ ហើយនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ កម្លាំងជំនាញប៉េអឹម បាននាំខ្លួនស្ត្រីជនសង្ស័យទៅផ្ទះដើម្បីឆេកឆេររកវត្ថុតាង។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងប៉េអឹមលើផ្ទៃប្រទេស និងជាមេបញ្ជាការប៉េអឹមរាជធានីភ្នំពេញ បានថ្លែងប្រាប់មុននេះថា អាវុធហត្ថក្រុងភ្នំពេញ បានបំបែកសំណុំរឿងឃាតកម្មនេះហើយ និងបាននាំខ្លួនជនសង្ស័យទៅត្រួតពិនិត្យឆេកឆេរនៅផ្ទះជនសង្ស័យ។ នៅក្នុងករណីនេះ អាវុធហត្ថបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ស៊ិន សុផល អាយុ៣៥ឆ្នាំ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ ត្រូវជនសង្ស័យដែលជាមិត្តភ័ក្តិ កាត់សាកសពជាកង់ៗ រួចយកសាកសពបោះចោលចូលទឹកទន្លេដើម្បីបំបាត់ដាន។ ស្ត្រីរងគ្រោះបានបាត់ពីផ្ទះកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕