នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តម្លៃជាង ១៤លានដុល្លារអាមេរិក ដែលសាងសង់ឡើងបានកៀរគរថវិកាឧបត្ថម្ភគាំទ្រ ពីសប្បុរសជនជាតិ អន្តរជាតិ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល រដ្ឋមន្រ្តី អភិបាលរាជធានី/ខេត្ត រួមទាំងអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី កងកម្លាំងនគរបាល និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។
នៅក្នុងពិធីសម្ពោធអគារតម្លៃជាង ១៤លានដុល្លារនេះដែរ ក៏មហាសេដ្ឋីកម្ពុជាល្បីៗម្ចាស់អាណាចក្រជំនួញប្រាក់ពាន់ក្រាក់ៗ បង្ហាញវត្តមានលើវេទិកាកិត្តិយស ក្រៅតែពីមន្រ្តីរាជការ ភ្ញៀវជាតិ និងអន្តរជាតិ។ មហាសេដ្ឋីទាំង ៧រូប រួមមាន៖ អ្នកឧកញ៉ា សំ អាង ម្ចាស់សម្ព័ន្ធក្រុមហ៊ុន វឌ្ឍនៈ គ្រុប, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានអគ្គនាយក្រុមហ៊ុនសម្ព័ន្ធ Y.L.P Group, អ្នកឧកញ៉ា លី ហួរ ស្ថាបនិកក្រុមហ៊ុន លីហួរ គ្រុប, អ្នកឧកញ៉ា លាង ម៉េង និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក សម្ព័ន្ធក្រុមហ៊ុន ជីបម៉ុង គ្រុប, ឧកញ៉ា លី ហុង ជាម្ចាស់សណ្ឋាគារផ្កាយ ៥ The Penthouse Resident, ឧកញ៉ា ថៃ ឈុនគ្រី អគ្គនាយកក្រុមហ៊ុន បុរី ថៃ ឈុនគ្រី៕