នៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមវត្តមាន សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចាប់ផ្តើមពិភាក្សា និងបានអនុម័ត“សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០”ជាផ្លូវការហើយ។
តាមរយៈកិច្ចប្រជុំខាងលើ រដ្ឋាភិបាលបានចាត់ទុកថា វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបានផ្សារភា្ជប់ជាមួយជីវភាពប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។
ទន្ទឹមគ្នានេះដែរ វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើងនៃការប្រើប្រាស់សេវាអ៊ីនធឺណិត និងបណ្ដាញ សង្គមព្រមទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានបង្កើតកាលានុវត្តភាព សម្រាប់ទីផ្សារសេវាប្រៃសណីយ៍ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។ ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះស្រាយ។
ហេតុដូច្នេះ រដ្ឋាភិបាល អះអាងថា ការកសាងគោលនយោបាយអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។
គួរបញ្ជាក់ដែរថា គោលនយោបាយនេះ គឺបានកំណត់គោលដៅ ចំនួន៤គឺ៖ ១. ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ។ ២. ធ្វើទំនើបកម្មសេវា ប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្ដាញប្រៃសណីយ៍ ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ ប្រជាជន និងប្រើប្រាស់បច្ចេកវិទ្យាឌីជីចល ។ ៣.បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុចរិត ។និង៤.លើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍ជាដើម៕