ថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានបញ្ចេញកញ្ចប់ជំនួយដល់ប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តបន្ថែមប្រមាណ ២,៧ ពាន់លានដុល្លារ រាប់បញ្ចូលទាំងថវិកាជិត ៧០០ លានដុល្លារលើការទិញអាវុធសម្រាប់តទល់ជាមួយរុស្ស៊ីផង។ នេះបើតាមការចុះផ្សាយពី BBC។
ប្រភពដដែលបានបន្ថែមថា ថវិកាដែលអាមេរិកបានជួយដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងត្រូវយកទៅទិញកាំភ្លើងយន្ត គ្រាប់បែក រថពាសដែក រថពាសដែក និងប្រព័ន្ធប្រឆាំងរថក្រោះ។
បន្ថែមពីនោះរដ្ឋបាលបៃដិនបានបង្ហើបប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា ជំនួយជិត ៣ ពាន់លានដុល្លារនេះ ប្រៀបដូចជាការបណ្ដាក់ទុនរយៈពេលយូរ សម្រាប់ជួយការពារសុវត្ថិភាពរបស់អ៊ុយក្រែន និងប្រទេសជិតខាងចំនួន ១៨ រួមទាំងសមាជិកណាតូ ឬមិនមែនសមាជិកក្ដី ដែលប្រឈមនឹងហានិភ័យនៃការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។
សូមជម្រាបដែរថា គិតចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈមកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់អ៊ុយក្រែនគិតជាទឹកប្រាក់ប្រមាណ ១៣ ពាន់លានដុល្លារលើផ្នែកសព្វាវុធ៕