ស្ថាបនិក Zara ចាយលុយជិត ១៥០ លានដុល្លារ ពង្រីកអាជីវកម្មលើវិស័យដឹកជញ្ជូន

អន្តរជាតិ

មួយរយៈកាលចុងក្រោយ​នេះ ​ស្ថាបនិក​ក្រុមហ៊ុន Zara បាន​បន្តទិញ​អចលនទ្រព្យ​ខ្នាតយក្ស​ជាច្រើន បើសរុបជាទឹកប្រាក់​គឺ​មិន​ក្រោម​ខ្ទង់​ពាន់​លាន​ដុល្លារ​ឡើយ ហើយថ្មីៗនេះ​មហាសេដ្ឋី​អេស្ប៉ាញ Amancio Ortega បាន​ជះលុយ​ជាង ១០០ លាន​ដុល្លារ​ដើម្បី​ពង្រីក​អាជីវកម្ម​បន្ថែម​ទៀត។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បាន​បន្ថែម​ថា​ អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​អេស្ប៉ាញ​បាន​ចំណាយ​លុយ​ប្រមាណ ១៤៨ លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ទិញ​យក​អគារ​មួយ​ខ្នង​នៅ​រដ្ឋ Pennsylvania  ដើម្បី​ពង្រីក​អាជីវកម្ម​លើ​វិស័យ​ដឹកជញ្ជូន។

អគារ​មួយ​ខ្នង​ដែល​ទើប​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​គ្រួសារ​ត្រកូល Ortega គឺ​មាន​ក្រឡាផ្ទៃ ៩៤ ០០០ ម៉ែត្រការ៉េ ​ស្ថិត​នៅ​ចំកណ្ដាល​រដ្ឋ Pennsylvania  តែម្ដង ហើយ​អគារ​មួយ​ខ្នង​នេះ​គឺ​ជា​អចលនទ្រព្យ​ទី ២ ដែល​មហាសេដ្ឋី​អេស្ប៉ាញ​បាន​ទិញ​ដើម្បី​រកស៊ី​លើ​វិស័យ​ដឹកជញ្ជូន។

សូមជម្រាប​ដែរថា លោក Amancio Ortega ​បច្ចុប្បន្ន​កំពុង​គ្រងតំណែង​ជា​អ្នកមាន​បំផុត​នៅ​អេស្ប៉ាញ​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៤៤ ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ប្រភព​ចំណូល​ធំ​របស់​លោក​បាន​មក​ពី​ភាគហ៊ុន ៥៩% នៃ​ក្រុមហ៊ុន​សម្លៀកបំពាក់​លំដាប់​ពិភពលោក Inditex ជា​ក្រុមហ៊ុន​មេ​របស់ Brand ធំៗ​ដូចជា Zara, Bershka និង Pull&Bear ជាដើម៕