មហាសេដ្ឋីហុងកុង Peter Woo បានចេញមុខអំពាវនាវស្នើសុំរដ្ឋាភិបាលឲ្យបញ្ចប់ការរឹតបន្តឹងលើវិធានការទប់ស្កាត់កូវីដ ១៩ សម្រាប់ភ្ញៀវទេសចរណ៍ដែលមានបំណងចង់មកកម្សាន្តនៅហុងកុង បើសិនជាចង់ស្ដារសេដ្ឋកិច្ចឲ្យប្រសើរវិញ។ នេះបើតាមការចុះផ្សាយពី Bloomberg។
សូមជម្រាបដែរថា វាគឺជារឿងកម្រណាស់ដែលថ្នាក់គ្រប់គ្រងក្រុមហ៊ុន Wharf Ltd. និង Wharf Real Estate Investment Co. ចេញមុខស្នើសុំដល់រដ្ឋាភិបាល ចំពោះបញ្ហាទប់ស្កាត់កូវីដ ១៩ ប៉ុន្តែការចេញមុខសារនេះ គឺដោយសារលោកយល់ថា វិស័យទេសចរណ៍គឺជាកត្តាសំខាន់ក្នុងការជួយស្ដារសេដ្ឋកិច្ចជាតិ ក៏ដូចជាធ្វើឲ្យវិស័យអចលនទ្រព្យក្នុងស្រុកអាចមានសន្ទុះឡើងវិញ។
ជាការពិត ក្រឡេកទៅមើលប្រទេសជិតខាងកម្ពុជាស្រាប់ដូចជា ប្រទេសថៃជាដើម ដែលកំពុងមានសន្ទុះខ្លាំង ក្រោយពួកគេចាប់ផ្ដើមបន្ធូរបន្ថយលើការរឹតបន្តឹងវិធានការកូវីដ ១៩ សម្រាប់ភ្ញៀវទេសចរណ៍។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នសម្រាប់ភ្ញៀវទេសចរណ៍ដែលមានបំណងចង់ទៅកម្សាន្តនៅហុងកុង ត្រូវតម្រូវឲ្យធ្វើតេស្តរកកូវីដទាំងមុនពេល និងទៅដល់ប្រលានយន្តហោះ ហើយក៏តម្រូវឲ្យធ្វើចត្តាឡឺស័ក ក៏ដូចជាបញ្ជាក់ពីស្ថានភាពសុខភាពរយៈពេល ២ សប្ដាហ៍មុនថ្ងៃធ្វើដំណើរទៀតផង។ ដូច្នេះដើម្បីអាចទៅលេងនៅហុងកុងបាន ភ្ញៀវទេសចរណ៍ត្រូវឆ្លងកាត់ការធ្វើតេស្ត ច្រើនដំណាក់កាល និងចំណាយថវិកា ក៏ដូចជាពេលវេលាច្រើនផងដែរ៕