សមាគមសហគ្រិនស្រ្តីកម្ពុជា ចុះ MoU ជាមួយ SME Bank PLC ដើម្បីគាំទ្រសកម្មភាពស្រ្តីក្នុងវិស័យធុរកិច្ច

ជុំវិញ​ឧកញ៉ា

សមាគមសហគ្រិនស្ត្រីកម្ពុជា និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក. (SME Bank PLC ) បានចុះអនុស្សរណៈយោគយល់គ្នា MoU ដើម្បីរៀបចំវេទិកាតុមូលស្តីពី ការកែលម្អ និងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់សហគ្រិនស្ត្រីកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងដោយលោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៤ និងលោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោកជំទាវឧកញ៉ា កែវ មុំ ការចុះ MoU នេះ ជាសមិទ្ធផលដ៏វិសេសវិសាលមួយ ក្នុងចំណោមសមិទ្ធផលនានាជាច្រើន ដែលសមាគមបាននឹងកំពុងបំពេញនៅក្នុងរយៈពេលកន្លងមកនេះ ថ្វីបើក្នុងរយៈ២ឆ្នាំចុងក្រោយនេះត្រូវបានរំខាន និងរារាំងដោយការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏សមាគមមិនបានបង្អង់ ឬបញ្ឈប់កិច្ចការឡើយ ជាក់ស្តែង វេទិកានៅថ្ងៃនេះផ្ទាល់តែម្តង។

លោកជំទាវឧកញ៉ាថ្លែងថា៖ ទីភ្នាក់ងារជំនួយអាមេរិក (USAID) តាមរយៈ អង្គការផេកកម្ពុជា (PACT Cambodia) ក្រោមគម្រោងសហគ្រិននារីសកម្ម (WE Act) បានគាំទ្របេសកកម្មរបស់យើងខ្ញុំ តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីឱ្យយើងមានលទ្ធភាពជួយដល់សហគ្រិនស្ត្រីវ័យក្មេង និងសហគ្រិនស្ត្រីនៅទូទៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវបន្ថែមថា តាមរយៈគម្រោងនេះផ្ទាល់យើងបានជួយដល់សហគ្រិនស្ត្រីយ៉ាងច្រើនក្នុងនោះមានដូចជា៖ ការបណ្តុះបណ្តាលជំនាញចាំបាច់ផ្សេងៗ កិច្ចការស្វែងរកការគាំទ្រមតិ ជាពិសេស តាមការសិក្សាស្រាវជ្រាវបានរកឃើញបញ្ហាប្រឈមរបស់សហគ្រិនស្ត្រី ដែលបានចងក្រងចេញជាសៀវភៅ “ស” ក្បាលទី1 (White Paper Vol. 01) និង ឯកសារគោលនយោយាបសង្ខេប (Policy Briefs) ជាដើម៕