ឧកញ៉ា ហ៊ុយ ភៀវ ស្នើឱ្យប៉ាគីស្ថានជំរុញវិនិយោគិនមករកស៊ីកសិកម្មផ្នែកគ្រាប់ស្វាយចន្ទី

ជុំវិញ​ឧកញ៉ា

ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ស្នើឲ្យឯកអគ្គរាជទូតប៉ាគីស្ថាន ពិនិត្យលទ្ធភាពនិងជំរុញវិនិយោគិនមកវិនិយោគក្នុងវិស័យកសិកម្ម ផ្នែកគ្រាប់ស្វាយចន្ទី ក្នុងខេត្តសៀមរាប-ឧត្តរមាជ័យ ដើម្បីនាំចេញទៅកាន់ប្រទេសប៉ាគីស្ថាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើវិនិយោគិនប៉ាគីស្ថានមកវិនិយោគក្នុងវិស័យកសិកម្ម នាពេលនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឧកញ៉ា ហ៊ុយ ភៀវប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងលោក ហ្សាហ៊ាវ៉ូឌីន បាបា ថាហីម ឯកអគ្គរាជទូតប៉ាគីស្ថានប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញានេះ ។

នៅក្នុងកិច្ចជំនួបពិភាក្សាការងារពាណិជ្ជកម្មនេះដែរ ឧកញ៉ា ហ៊ុយ ភៀវ បានប្រាប់ឯកអគ្គរាជទូតប៉ាគីស្ថាន អំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគក្នុងខេត្តសៀមរាប ក្នុងគោលបំណងឲ្យអ្នកវិនិយោគនៃប្រទេសប៉ាគីស្ថានមកធ្វើវិនិយោគវិស័យគ្រាប់ស្វាយចន្ទីនាំចេញទៅប្រទេសប៉ាគីស្ថានដែលជាចំណែកមួយនៃការចូលរួមលើកស្ទួយនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ផងដែរ ។

គ្រាប់ស្វាយចន្ទី គឺជាដំណាំដែលមានតម្រូវការខ្ពស់ឥតឈប់ឈរទាំងក្នុង និងក្រៅប្រទេស។ ជាមួយគ្នានេះខេត្តសៀមរាប មានផ្ទៃដីដាំស្វាយចន្ទីជិត៣ពាន់ហិកតា ហើយស្រុកជីក្រែង នៃខាងកើតខេត្តសៀមរាប ជាភូមិសាស្រ្ដដែលដាំច្រើនជាងគេ។ តម្លៃទីផ្សារនៅឆ្នាំនេះ មិនចុះថោកទេ ព្រោះទីផ្សារពិភពលោកនៅតែមានតម្រូវការខ្ពស់ ហើយការបង្កើតរោងចក្រវិនិយោគនៅតែមានច្រើន។ នេះបើតាមឧកញ៉ា ហ៊ុយ ភៀវ ។

ឧកញ៉ាបន្តថា នៅកម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ១០ប៉ុណ្ណោះ ហើយអាចកែច្នៃផលិតផលបានប្រមាណ១០ភាគរយប៉ុណ្ណោះ ក្រៅពីនោះ គឺពឹងលើទីផ្សារទៅប្រទេសជិតខាង ពិសេសវៀតណាមតែម្ដង ហើយលោករំពឹងថា ចាប់ពីឆ្នាំ២០២២ទៅ ទីផ្សារកាន់តែប្រសើរ ក្រោយប្រទេសចិនបើកចំហទីផ្សារសេរីជាមួយកម្ពុជា ដែលអាចឱ្យកម្ពុជានាំស្វាយចន្ទីទៅទីផ្សារចិនដោយផ្ទាល់ ៕