ធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង។ ការលើកនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំជាមួយលោក សាយ សំអាល់ និងប្រតិភូធានាគារវិនិយោគអឺរ៉ុប (European Investment Bank) ដែលដឹកនាំដោយលោក Kris Peeters អនុប្រធានធានាគារវិនិយោគអឺរ៉ុប កាលទី១១ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងជំនួបនោះ លោក Kris Peeters អនុប្រធានធានាគារវិនិយោគអឺរ៉ុប បានបង្ហាញការសាទរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបាននាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយធានាគារវិនិយោគអឺរ៉ុប លើគម្រោងនានាដែលមានទំហំទឹកប្រាក់សរុប ២៤០លានអឺរ៉ូ។
ជាមួយគ្នានេះ អនុប្រធានធានាគារវិនិយោគអឺរ៉ុប បានអះអាងទៀតថា ធានាអ៉ឺរ៉ុប ក៏គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង និងការប្រឹក្សាយោបល់បន្ថែមដើម្បីទទួលកម្ចី និងហិរញ្ញទានបៃតងនៅកម្ពុជា ថែមទៀត។
ជាការឆ្លើយតបលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍ចំពោះគម្រោងនេះ និងបានលើកឡើងពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន លើគម្រោងអាទិភាពមួយចំនួនដូចជា ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទិញផលិតផលសហគមន៍នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ការជួយស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ការទិញឥណទានកាបូន ការវិនិយោគលើថាមពលកកើតឡើង និងបច្ចេកវិទ្យាបៃតងជាដើម។
ទន្ទឹមគ្នានេះ លោកក៏បានជម្រាបគណៈប្រតិភូអំពីគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំ ភូមិរុនតាឯកឱ្យក្លាយភូមិធម្មជាតិគម្រូផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើ ភាគីទាំងពី ក៏បានប្តេជ្ញារួមគ្នា បង្កើនកិច្ចសហការទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀតផងដែរ៕ អត្ថបទ៖ រង្សី